ទូតបារាំងអះអាងថា កម្ពុជាមិនដូចអ្វីដែលអ្នកដទៃមើលមក ពីចំងាយ១២០០ គីឡូម៉ែត្រនោះទេ

0
12

ភ្នំពេញ៖ លោកស្រី Eva Nguyen Binh ឯកអគ្គរដ្ឋទូតសាធារណរដ្ឋបារាំងប្រចាំកម្ពុជា បានចេញមុខអះអាងថា កម្ពុជាគឺជាប្រទេស ដែលមានសុខសន្តិភាព ស្ថិរភាព និងអភិវឌ្ឍន៍ លើសពីនោះទៅទៀត ក៏មានការគ្រប់គ្រងយុទ្ធសាស្ត្រ ជាក់លាក់ក្នុងការគ្រប់គ្រង ប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ១៩ គឺមិនដូចអ្វីដែលអ្នកដទៃ មើលមកកម្ពុជា ពីចំងាយ១២០០ គីឡូម៉ែត្រនោះទេ។

ការលើកឡើងបែបនេះ ស្របពេលដែលក្រុមប្រឆាំង និងបក្ខពួកមួយចំនួន តែងតែរិះគន់មិនសំចៃមាត់ មកលើរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

ការអះអាងនេះ ធ្វើឡើងនៅក្នុងឱកាស ដែលលោកស្រីទូតជួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ ស្របពេលដែលលោកស្រីត្រូវចប់បេសកកម្មកាទូតនៅកម្ពុជា។

ក្នុងជំនួបនោះ លោកស្រី បានគោរពថ្លែងអំណរគុណ ជូនចំពោះសម្ដេចតេជោ ចំពោះមន្ត្រីរាជការកម្ពុជាទាំងអស់ ដែលកន្លងមកតែងតែ បានដល់នូវកិច្ចសហប្រតិបត្តិការយ៉ាងល្អ ជូនចំពោះលោកជំទាវ។

លោកស្រី Eva Nguyen Binh បានគាត់សម្គាល់ឃើញថា រយៈពេល០៤ឆ្នាំ ក្នុងបេសកកម្មកាទូត របស់លោកស្រីនៅកម្ពុជា លោកស្រីបានជួបពិភាក្សាជាមួយសម្ដេចតេជោ ជាមួយមន្ត្រីកម្ពុជា គ្រប់លំដាប់ថ្នាក់ ដែលរាល់កិច្ចពិភាក្សាទាំងអស់ បានបង្ហាញពីភាព ត្រង់ទៅត្រង់មក មានភាពបើកចំហរ មានភាពស្មោះត្រង់ ដែលទាំងនេះជាកត្តាសំខាន់ ធ្វើឲ្យបេសកកម្មកាទូត របស់លោកស្រី មកកាន់កម្ពុជា បានទទួលជោគជ័យតាមការកំណត់ នោះគឺការពង្រីក និងពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ។

លោកស្រី បានមានប្រសាសន៍បន្តថា កម្ពុជាគឺជាប្រទេស ដែលមានសុខសន្តិភាព ស្ថិរភាព និងអភិវឌ្ឍន៍ លើសពីនោះទៅទៀត ក៏មានការគ្រប់គ្រងយុទ្ធសាស្ត្រ ជាក់លាក់ក្នុងការគ្រប់គ្រង ប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ១៩ គឺមិនដូចអ្វីដែលអ្នកដទៃ មើលមកកម្ពុជា ពីចំងាយ១២០០ គីឡូម៉ែត្រនោះទេ។

លោកស្រី បានមានប្រសាសន៍បន្តថា នេះជាមូលហេតុ ធ្វើឲ្យរដ្ឋាភិបាលបារាំង ដូចជាវិស័យឯកជនបារាំង នៅបន្តជាមួយកម្ពុជា ចូលរួមចំណែកជាមួយកម្ពុជា ដើម្បីជំរុញការអភិវឌ្ឍ ប្រកបដោយបរិយាបន្ន និងចីរភាព។

លោកស្រី ក៏បានបន្ថែមទៀតថា បារាំងនឹងបន្តកិច្ចសហប្រតិបត្តិការ ជាមួយកម្ពុជា ជាពិសេសលើវិស័យសុខាភិបាល ការអភិវឌ្ឍធនធានមនុស្ស វិស័យវប្បធម៌ និងការថែរក្សាសន្តិភាព នៅក្រោមឆ័ត្រ អង្គការសហប្រជាជាតិ។

លោកស្រី ក៏បានសម្ដែងនូវការអបអរសាទរ ចំពោះសម្ដេចតេជោ ហ៊ុន សែន ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ដែលបានទទួលជោគជ័យ ក្នុងការចាក់វ៉ាក់សាំងប្រយុទ្ធប្រឆាំងកូវីដ១៩ ដល់ប្រជាជនកម្ពុជា និងជនបរទេសទាំងអស់ នៅក្នុងប្រទេសកម្ពុជា ដែលនេះគឺជាសន្ដានចិត្ត ទឹកចិត្តមនុស្សធម៌របស់កម្ពុជា ដែលរាល់ស្ថានទូតទាំងអស់បានទទួលស្គាល់ និងបានវាយតំលៃខ្ពស់ ចំពោះការយកចិត្តទុកដាក់ របស់រាជរដ្ឋាភិបាលកម្ពុជា ។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះលោកស្រី Eva Nguyen Binh ដែលបានខិតខំប្រឹងប្រែង អស់ពីសមត្ថភាព ក្នុងការបំពេញបេសកកម្មការទូត នៅក្នុងប្រទេសកម្ពុជា ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណចំពោះ រដ្ឋាភិបាលបារាំង ដែលបានជួយដល់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដែលក្នុងនោះមានវិទ្យាស្ថានប៉ាស្ទ័រ បានដើរតួរនាទីយ៉ាងសំខាន់ ក្នុងការចូលរួមចំណែក ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩នេះ។

សម្ដេចតេជោក៏បានជម្រាបជូនលោកស្រីទូតថា យុទ្ធសាស្ត្ររបស់កម្ពុជា គឺផ្ដល់វ៉ាក់សាំងជូនដល់គ្រប់គ្នាទាំងអស់ ដែលរស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា មិនថាជាជនជាតិខ្មែរ ឬជនជាតិបរទេសនោះទេ ដែលនេះជាជម្រើសចុងក្រោយ ក្នុងការប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ១៩។

សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណចំពោះ រដ្ឋាភិបាលបារាំងដែលតែងតែផ្ដល់ ជំនួយដល់កម្ពុជា ជាពិសេសលើវិស័យអភិវឌ្ឍន៍ធនធានមនុស្ស វិស័យវេជ្ជសាស្ត្រ ដែលបានជួយដល់ការពង្រឹង សមត្ថភាពគ្រូពេទ្យកម្ពុជា និងផ្ដល់ជាជំនួយហិរញ្ញប្បទានក្នុងការអភិវឌ្ឍន៍កម្ពុជាផងដែរ។

ជាទីបញ្ចប់សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណចំពោះលោកស្រី Eva Nguyen Binh និងសូមជូនពរលោកស្រៅ ឲ្យទទួលបាននូវភាពជោគជ័យ ក្នុងបេសកកម្មរបស់លោកស្រី ជាបន្តបន្ទាប់ទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here