ឥទ្ធិពលគ្រឿងញៀន! ឃាត់ខ្លួនជនសង្ស័យម្នាក់គំរាម សម្លាប់អ្នកជិតខាង

0
7

ភ្នំពេញ៖ នគរបាលស្រុកអង្គស្នួល បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ បន្ទាប់ពីជនសង្ស័យរូបនេះ ប្រើប្រាស់គ្រឿងញៀនលើសកម្រិត បានយកដាវមកកាប់សម្ភារៈអ្នកជិតខាងខូចខាតអស់មួយចំនួន និងគំរាមថានឹងសម្លាប់ ទៀតផង។

ការឃាត់ខ្លួននេះ បានកើតឡើងកាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង១៩ និង៣០នាទី នៅចំណុចក្នុងបុរីពិភពថ្មី3 នៅភូមិត្រពាំងសុក្រំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល។

មន្ត្រីនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ស៊ន ឆៃលីម ភេទប្រុស អាយុ២៩ឆ្នាំជនជាតិខ្មែរ មុខរបរលក់ដូរ ។ចំណែកជនសង្ស័យឈ្មោះ លី ពិទូ ភេទប្រុស កើតឆ្នាំ១៩៩៤ ជនជាតិខ្មែរមុខរបរមិនពិត។ ជនរងគ្រោះនិងជនសង្ស័យមានទីលំនៅភូមិត្រពាំងសុក្រំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល។

វត្ថុតាងចាប់យករួម អាវុធកែច្ឆៃ(ដាវ)មួយមានប្រវែង០,៩០ម៉ែត្រ។

ប្រភព ដដែលបន្តថា នៅមុនពេលកើតហេតុ វេលាម៉ោង៦និង៣០នាទីព្រឹក ពេលជនរងគ្រោះក្រោកពីគេង ស្រាប់តែឃើញជនសង្ស័យឈរនៅមុខផ្ទះ. ហើយបានស្រែកជេរប្រមាថលើគ្រួសារជនរងគ្រោះ បន្ទាប់ពីជេររួច ជនសង្ស័យក៏ចូលក្នុងផ្ទះវិញ។ រហូតដល់ម៉ោង១៤និង២០នាទី ជនសង្ស័យបានចេញពីក្នុងផ្ទះមកម្ដងទៀត ហើយបានស្រែកជេរប្រមាថ និងយកកែវចំនួន១គុបចូលផ្ទះជនរងគ្រោះ បន្ទាប់មកក៏ចូលក្នុងផ្ទះវិញ។ រហូតដល់វេលាម៉ោងកើតហេតុ ពេលជនរងគ្រោះនិងក្រុមគ្រួសារកំពុងហូបបាយខាងមុខផ្ទះ ស្រាប់តែឃើញជនសង្ស័យមានកាន់ដាវមួយដើម បានដើរសំដៅមកផ្ទះរបស់ខ្លួន ភ្លាមនោះបាននាំគ្នារត់ចូលក្នុងផ្ទះហើយចាក់សោទ្វារ បន្ទាប់មកជនសង្ស័យបានស្រែកថា អញនឹងកាប់ពួកឯងឲ្យងាប់ រួចហើយជនសង្ស័យបានយកដាវកាប់តុ, ចាន និងកាប់កញ្ចក់ទ្វារផ្ទះរបស់ជនរងគ្រោះចំនួន១ផ្ទាំង ដោយមានការភ័យខ្លាចពេក. ជនរងគ្រោះក៏រាយការណ៍មកសមត្ថកិច្ចឲ្យជួយអន្តរាគមន៍តែម្ដង។

ក្រោយពីទទួលបណ្ដឹងពីជនរងគ្រោះ ភ្លាមនោះកម្លាំងសមត្ថកិច្ចជំនាញស្រុក និងកម្លាំងប៉ុស្ដិ៍បែកចានបានចុះដល់កន្លែងកើតហេតុហើយ ឃាត់ខ្លួនជនសង្ស័យ រួមជាមួយវត្ថុតាងយកមកអធិការដ្ឋាននគរបាលស្រុកដើម្បីសួរនាំនៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនបានប្រើប្រាស់សារធាតុញៀនច្រើនលើសកម្រិត ទើបមានអារម្មណ៍វិលវល់ ហើយបានយកដាវទៅដេញកាប់ និងស្រែកគំរាមថាសម្លាប់លើគ្រួសារជនរងគ្រោះ។

ចំពោះករណីខាងលើនេះ កម្លាំងជំនាញកំពុងកសាងសំណុំរឿងបន្តតាមនីតិវិធី៕

LEAVE A REPLY

Please enter your comment!
Please enter your name here