ចាប់កោរត្រងោលក្មេងទំនើង២នាក់ ក្រោយកាន់ដាវបង្ហោះតាមហ្វេសប៊ុក

0
22

ខេត្តព្រះវិហារ៖ ក្មេងទំនើង២នាក់ ដែលកាន់ដាវបង្ហោះតាមបណ្តាញសង្គមហ្វេកប៊ុក ត្រូវបានកម្លាំងនគរបាលខេត្តព្រះវិហារ ស្រាវជ្រាវឃាត់ខ្លួនបាន នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ ស្ថិតនៅភូមិអន្ទិល ឃុំយាង ស្រុកជាំក្សាន្ត។

មន្ត្រីនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បានថ្លែងប្រាប់ឲ្យដឹងថាក្រោយមានការបង្ហោះរូបភាពកាន់ដាវតាមបណ្តាញទំនាក់ទំនងសង្គមហ្វេកប៊ុករបស់ក្មេងប្រុសទាំង២នាក់នេះ លើអាខោនឈ្មោះ «ក្មេងព្រះវិហារ ញៀនម៉ាត» កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១នោះ និងមានការស៊ែរចែករំលែកតគ្នា លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ បានណែនាំឲ្យកម្លាំងនគរបាលជំនាញស្រាវជ្រាវចាប់ខ្លួនក្មេងទាំង២នេះឲ្យបាន។

ដោយអនុវត្តន៍តាមបទបញ្ជា និងការណែនាំពីលោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្តព្រះវិហារ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១នេះ កម្លាំងនគរបាលព្រហ្មទណ្ឌ នៃស្នងការការដ្ឋាននគរបាលខេត្ត បានសហការជាមួយកម្លាំងអធិការនគរបាលស្រុកជាំក្សាន្ត និងប៉ុស្តិ៍នគរបាលរដ្ឋបាលយាង បានចុះធ្វើការឃាត់ខ្លួនក្មេងទំនើងទាំង២នាក់ ដកហូតដាវចំនួន២ដើម និងបាននាំមកកាន់អធិការដ្ឋាននករបាលស្រុកជាំក្សាន្ត។

ក្មេងទំនើងទាំង២នាក់ខាងលើនេះ ទី១-ឈ្មោះ ឡន ឡោ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរកសិករ និងទី២-ឈ្មោះ រ៉ន រដ្ឋា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកសិករ រស់នៅភូមិអន្ទិល ឃុំយាង ស្រុកជាំក្សាន្ត។

បន្ទាប់ពីធ្វើកិច្ចសន្យា និងបានធ្វើការអប់រំណែនាំរួចមកសមត្ថកិច្ចបានអនុញ្ញាតឲ្យអាណាព្យាបាលមកទទួលយកទៅផ្ទះវិញ និងបានកោរសក់ក្បាលជាការព្រមានផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here