ភ្នំពេញ៖ មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) នឹងចាប់ផ្តើមប្រើប្រាស់សុនខ (ឆ្កែ) ដើម្បីស្រាវជ្រាវ និងធ្វើតេស្តរកមេរោគកូវីដ-១៩ នៅពាក់កណ្តាលខែក្រោយនេះ ខណៈសុនខទាំងនេះ ត្រូវបានបង្ហាត់ រួចរាល់ហើយ ដោយមន្ត្រីជំនាញ CMAC។ នេះបើយោងតាម BTV។
លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក អគ្គនាយកកម្ចាត់មីនកម្ពុជា (CMAC) បានប្រាប់ឲ្យដឹង នៅព្រឹកថ្ងៃទី២៣ មិថុនានេះថា សុនខ ចំនួន១០ក្បាល នឹងត្រូវបានប្រើប្រាស់ដើម្បី ស្រាវជ្រាវ និងធ្វើតេស្តរកមេរោគកូវីដ-១៩ នាពេលឆាប់ៗខាងមុខនេះ។ មន្ត្រីស៊ីម៉ាក់ និងក្រសួងសុខាភិបាល រំពឹងទុកថា ប្រតិបត្តិការប្រើប្រាស់សុនខនេះ នឹងទទួលបានគុណភាពខ្ពស់។
លោក ហេង រតនា បានបញ្ជាក់ឲ្យដឹងទៀតថា សុនខទាំង ១០ក្បាលនេះ ដែលត្រូវបានមន្ត្រីជំនាញបង្វឹក ឱ្យមានសមត្ថភាពគ្រប់គ្រាន់ហើយនោះ នឹងត្រូវបែងចែកជាពីរក្រុម និងនៅរង់ចាំតែសម្ភារ បន្ថែមសម្រាប់ប្រើប្រាស់ក្នុងប្រតិបត្តិការតែប៉ុណ្ណោះ។
លោក ហេង រតនា ក៏បានឲ្យដឹងផងដែរថា ក្នុងអំឡុងពេលហ្វឹកហាត់សុនខប៉ុន្មានខែមកនេះ ក្រុមមន្ត្រីជំនាញ ពុំមានបញ្ហាលំបាកអ្វីនោះឡើយ ដោយអ្នកជំនាញរបស់ CMAC មានទំនុកចិត្តខ្ពស់ ព្រោះនៅប្រទេសផ្សេង ក៏បានប្រើប្រាស់រួចហើយ ដូចជា ប្រទេសអាល្លឺម៉ង់ រុស្ស៊ី និងប្រទេសមួយចំនួនទៀត៕