កម្ពុជារកឃើញវត្តមានសត្វឈ្លូសយក្ស ជាលើកដំបូងនៅក្នុងតំបន់ការពារធម្មជាតិ

0
10

ភ្នំពេញ៖ នាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បានឲ្យដឹងថា សត្វ«ឈ្លូសយក្ស» ដែលជាប្រភេទសត្វរងគ្រោះ ជិតផុតពូជខ្លាំងលើពិភពលោកនៅក្នុងបញ្ជីក្រហមរបស់ IUCN ត្រូវបានរកឃើញជាលើកដំបូង នៅក្នុងតំបន់ការពារធម្មជាតិនៃប្រទេសកម្ពុជាក្នុង រយៈពេលជិត ៣០ឆ្នាំចាប់តាំងពីពេលដែលអ្នកជំនាញបានរកឃើញលើកដំបូង នៅឆ្នាំ១៩៩៤ក្នុងប្រទេសវៀតណាមនិងឡាវនៅតាមជួរភ្នំអាណាម ដែលលាតសន្ធឹងដល់ឧទ្យានជាតិវីរៈជ័យភាគឦសានប្រទេសកម្ពុជា។ នេះបើយោងតាមក្រសួងបរិស្ថាន។

លោក នេត្រ ភក្ត្រា បានថ្លែងថា នេះគឺជាដំណឹងដ៏រីករាយបំផុតសម្រាប់កម្ពុជា និងសម្រាប់ពិភពលោកទាំងមូលដែលប្រភេទសត្វកម្ររងគ្រោះ ជិតផុតពូជខ្លាំងបំផុតនេះ មានវត្តមាននៅ ក្នុងប្រទេសកម្ពុជា និងបានថ្លែងកោតសរសេរចំពោះក្រុមមន្រ្តីក្រសួងបរិស្ថានប្រជាសហគមន៍ដែលបានរួម គ្នាចុះសិក្សាស្រាវជ្រាវប្រភេទសត្វព្រៃនៅក្នុងឧទ្យានជាតិវីរៈជ័យដែលបានបានលះបង់កម្លាំងកាយចិត្តក្នុង ការធ្វើដំណើរដ៏លំបាកក្នុងព្រៃដើម្បី បំពេញការងាររបស់ខ្លួន។

រដ្ឋលេខាធិការបានថ្លែងទៀតថា លទ្ធផលនៃការសិក្សាស្រាវជ្រាវនេះពិតជាមានតម្លៃបំផុតសម្រាប់ការអភិរក្សជីវៈចម្រុះ និងអ្នកបរិស្ថានហើយចាំបាច់ យើងទាំងអស់គ្នាត្រូវចូលរួមការពារនិងអភិរក្សប្រភេទសត្វដ៏កម្រនេះឱ្យបានគង់វង្សក្នុងព្រៃកម្ពុជា។

លោកថា ដោយការការពារនិងអភិរក្សធនធនធម្មជាតិបានល្អប្រសើរដែលជាទីជម្រក កន្លែងរកចំណី និងប្រភពទឹកដែលជាតម្រូវការ ចាំបាច់សម្រាប់ការរស់នៅរបស់សត្វព្រៃ យើងឃើញមានវត្តមាន ប្រភេទសត្វកម្រៗជាច្រើនប្រភេទចាប់ផ្តើមមានវត្តមាននៅក្នុងព្រៃកម្ពុជាឡើងវិញ។ នេះគឺជាលទ្ធផលដ៏វិជ្ជមានមួយ នៃកិច្ចខិតខំប្រឹងប្រែងអភិរក្សធនធានធម្មជាតិរបស់រាជរដ្ឋាភិបាលនិងភាគីពាក់ព័ន្ធទាំងអស់។

លោក ពិន ច័ន្ទរតនា ប្រធានក្រុមការងារស្រាវជ្រាវនៃនាយកដ្ឋាន អភិរក្សតំបន់ការពារធម្មជាតិដីគោកខាងកើតទន្លេមេគង្គនៃក្រសួងបរិស្ថាន បានថ្លែងថា សត្វឈ្លូសយក្សចូលចិត្តរស់នៅក្នុងព្រៃស្រោងនិងព្រៃពាក់កណ្តាលស្រោងមានរយៈកម្ពស់ខ្ពស់ (រហូតដល់ជាង ១០០០ម៉ែត្រពីនីវ៉ូសមុទ្រ)។ នៅកំឡុងទស្សវត្សឆ្នាំ៩០ ស្នែងឈ្លូសយក្សត្រូវបានឃើញដាក់លក់នៅក្នុងភូមិដាច់ស្រយាលមួយនៃខេត្តមណ្ឌលគិរី ប្រទេសកម្ពុជា ប៉ុន្តែមិនដែលមានការរាយការណ៍ពីការឃើញខ្លួនវាដោយផ្ទាល់នោះទេ។

លោកថ្លែងថា ឈ្លូសយក្ស ជាប្រភេទឈ្លូសដែលមានមាឌធំជាងគេ អាចមានទម្ងន់លើសពី ៣០គីឡូក្រាមក្នុងមួយក្បាលនិងស្ថិតក្នុងចំណោម ឈ្លូសទាំង១២ប្រភេទហើយលក្ខណៈខុសគ្នារវាងសត្វឈ្លូសយក្សនិងសត្វឈ្លូសធម្មតា Northern red muntjact (Muntiacus vaginalis) ដែលមានវត្តមានស្ទើរតែនៅទូទាំងប្រទេសកម្ពុជាយើង ត្រង់ចំណុចបីសំខាន់៖ ទី១)ស្នែង៖ ស្នែងសត្វឈ្លូសយក្សមានទំហំធំជាងស្នែងសត្វឈ្លូសធម្មតា ខ្នែងស្នែងតូច ដុះស្រប ឬក៏ដុះបែកងាកចេញក្រៅពីខ្នែងមេ ហើយគល់ស្នែងរបស់ឈ្លូសយក្សខ្លីជាងគល់ស្នែងរបស់ឈ្លូសធម្មតា។ ទី២) កន្ទុយ៖ កន្ទុយរបស់សត្វឈ្លូសយក្សមានប្រវែងខ្លីជាង (ប្រហែល១/៣) កន្ទុយរបស់សត្វឈ្លូសធម្មតា ហើយកន្ទុយនោះ មានរាងត្រីកោណ និងមានពណ៌សនៅផ្នែកខាងក្រោម។ ទី៣) ថ្ងាសរបស់សត្វឈ្លូសយក្សញី មានពណ៌ក្រម៉ៅ (ស្ទើរតែខ្មៅតែម្តង) ជាងថ្ងាសឈ្លូសធម្មតា។

តាមរយៈការសិក្សារកឃើញវត្តមានសត្វឈ្លូសយក្សនេះ លោក នេត្រ ភក្ត្រាបានថ្លែងថា ក្រសួងបរិស្ថាននឹងបញ្ចូលប្រភេទសត្វនេះ ទៅក្នុងបញ្ជីជីវៈចម្រុះដែលមាននៅក្នុងប្រទេសកម្ពុជា។

រដ្ឋលេខាធិការក្រសួងបរិស្ថានបានអំពាវនាវប្រជាពលរដ្ឋចូលរួមការពារនិងអភិរក្សសត្វព្រៃដែល កម្ពុជាមានជាពិសេសប្រភេទសត្វពូជកម្រៗជិតផុតពូជ នៅលើពិភពលោកឱ្យបានគង់វង្សប្រភេទសត្វឈ្លូសយក្សនេះ ត្រូវបានចាត់ជាប្រភេទរងគ្រោះជិតផុតពូជខ្លាំង (Critically Endangered)នៅក្នុងបញ្ជី ក្រហមរបស់ IUCN ហើយកត្តាគំរាម កំហែងដល់សត្វឈ្លូសយក្ស គឺការបរបាញ់យកស្នែង និងសាច់។ ដូច្នេះយើងត្រូវនិយាយថាទេចំពោះសាច់សត្វព្រៃ និងសូមកុំបរិភោគសាច់សត្វព្រៃដើម្បីបញ្ឈប់ការបរបាញ់ និងការដាក់អន្ទាក់សម្លាប់សត្វដោយខុសច្បាប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here