ចាប់ខ្លួនមនុស្ស ៦នាក់ ក្រោយដើរលក់ប័ណ្ណចាក់វ៉ាក់សាំង និងទម្រង់ពាក្យស្នើសុំ ចុះឈ្មោះចាក់វ៉ាក់សាំង

0
8

ភ្នំពេញ៖ សមត្ថកិច្ចនគរបាលក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ បានធ្វើការនាំខ្លួនមនុស្សចំនួន ៦នាក់ ដែលពាក់ព័ន្ធនឹងសកម្មភាព ទិញលក់ប័ណ្ណចាក់វ៉ាក់សាំង និងទម្រង់ពាក្យស្នើសុំចុះឈ្មោះ ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ យកមកអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដើម្បីសួរនាំ និងចាត់ការតាមនីតិវិធី។

ប្រតិបត្តិការនេះធ្វើឡើង ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោក គួច ចំរើន អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ។

សូមជម្រាបជូនថា វ៉ាក់សាំងដែលរាជរដ្ឋាភិបាល ផ្តល់មកដើម្បីចាក់ជូន ប្រជាពលរដ្ឋ កម្មករ កម្មការិនី និងជនបរទេសដែលកំពុង បំពេញការងារនៅខេត្តព្រះសីហនុ គឺដោយគ្មានការគិតថ្លៃ។

ដោយឡែកចំពោះប័ណ្ណចាក់វ៉ាក់សាំង និងទម្រង់ពាក្យស្នើសុំចុះឈ្មោះចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ត្រូវបានអាជ្ញាធរចុះចែកជូនប្រជាពលរដ្ឋដល់លំនៅដ្ឋាន ដោយមិនគិតថ្លៃដូចគ្នា។

ដូច្នេះសកម្មភាពនៃការលក់ដូរ ប័ណ្ណចាក់វ៉ាក់សាំង និងទម្រង់ពាក្យស្នើសុំចុះឈ្មោះ ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ របស់ក្រុមឱកាសនិយមទាំងនេះ គឺជាទង្វើខុសច្បាប់ ដែលត្រូវចាត់ការតាមនីតិវិធីច្បាប់យ៉ាងម៉ឺងម៉ាត់ ដោយគ្មានការលើកលែងឡើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here