នគរបាល ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីឃាតកម្មដោយចេតនា កាប់សម្លាប់លោកយាយវ័យ៧៤ឆ្នាំ

0
8

ភ្នំពេញ៖ កម្លាំងនគរបាលស្រុកព្រះនេត្រព្រះ និងកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ បានស៊ើបអង្កេតស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីឃាតកម្មដោយចេតនាកាប់សម្លាប់ លោកយាយវ័យ៧៤ឆ្នាំ។ ការចាប់ឃាត់ខ្លួននេះបានធ្វើឡើង នៅវេលាម៉ោង៥ល្ងាចថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ នៅនឹងផ្ទះជនដៃដល់តែម្តង ស្ថិតនៅភូមិឃូស្វាយ ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យបានធ្វើសកម្មភាពយកពូថៅកាប់សម្លាប់លោកយាយវ័យ៧៤ឆ្នាំនៅក្នុងផ្ទះរបស់ជនរងគ្រោះ ក្រោយពីរត់គេចខ្លួនបានចំនួន២ថ្ងៃ ដាច់បាយក្រហាយទឹក បានដើរមកបាយស៊ីនៅនឹងផ្ទះជាប់អន្ទាក់នគរបាល។

លោកវរសេនីយ៍ឯកមាស ប្ញទ្ធី អធិការនគរបាល ស្រុកព្រះនេត្រព្រះ បានឲ្យដឹងថា ក្រោយពីកើតមានអំពើឃាតកម្មយ៉ាងព្រៃផ្សៃ បានកើតឡើងនៅវេលាម៉ោង១២នឹង០៥នាទីថ្ងៃត្រង់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ ទៅលើជនរងគ្រោះឈ្មោះសួ សួង ភេទស្រី អាយុ៧៤ឆ្នាំ នៅភូមិឃូស្វាយ ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ រួចមក ជនសង្ស័យជាឃាត.ក បានរត់គេចខ្លួនបាត់។

ជនដៃដល់ឈ្មោះ ចយ សឺន ភេទប្រុស អាយុ៦៧ឆ្នាំ បានដើរមកផ្ទះនៅភូមិឃូស្វាយ ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ដើម្បីរកបាយស៊ី ក៏ត្រូវកម្លាំងសមត្ថកិច្ចនគរបាលយើងដែលនៅឃ្លាំមើលទីនោះ ចាប់ឃាត់ខ្លួនភ្លាមៗ និងស្រាវជ្រាវរកឃើញពូថៅពុះអុសលាក់ទុកនៅនឹងផ្ទះជាវត្ថុតាង ដែលជនដៃដល់កាន់ទៅកាប់លើជនរងគ្រោះនោះផងដែរ។

លោកអធិការបានបញ្ជាក់ថា ទាក់ទិននឹងករណីឃាតកម្មនេះកើតឡើងនេះ ក៏ព្រោះតែជនដៃដល់ជាឃាត.ក មានទំនាស់ក្នុងរឿងព្រំដីជាប់គ្នា ជាមួយស្ត្រីរងគ្រោះ។

បច្ចុប្បន្នជនសង្ស័យ កម្លាំងនគរបាលជំនាញព្រហ្មទណ្ឌអធិការដ្ឋាននគរបាលស្រុកព្រះនេត្រព្រះ កំពុងរៀបចំសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here