ខ្លាពពក ជាប្រភេទសត្វងាយរងគ្រោះថ្នាក់នៅក្នុងពិភពលោក ហើយវាកំពុងមានវត្តមាននៅភូមិភាគឥសាន និរតី និងភាគខាងជើងនៃប្រទេសកម្ពុជា

0
10

ភ្នំពេញ៖ ក្រសួងបរិស្ថានបានឲ្យដឹងថា ខ្លាពពកត្រូវបានចុះក្នុងបញ្ជីក្រហម IUCN ថាជាប្រភេទងាយរងគ្រោះថ្នាក់នៅក្នុងពិភពលោក និងស្ថិតក្នុងក្រុមជិតផុតពូជ និងមានចុះក្នុងបញ្ជីឧបសម្ព័ន្ធសាយតេស ហើយវាកំពុងមានវត្តមាននៅភូមិភាគឥសាន និរតី និងភាគខាងជើងនៃប្រទេសកម្ពុជា។

ប្រភពបន្ថែមថា ប្រភេទខ្លាពពកនេះទទួលរងនូវការគំរាមកំហែងដោយសារតែការបរបាញ់ និងការបាត់បង់ទីជម្រកដែលវាធ្លាប់ស្វែងរកចំណី និងរស់នៅ។ ខ្លាពពកចូលចិត្តរស់នៅក្នុងព្រៃស្រោង ព្រៃពាក់កណ្តាលស្រោង និងព្រៃចម្រុះ។

ខ្លាពពកជាសត្វរាត្រីចរ ច្រើនរស់នៅជាគូលើដើមឈើ។ ជាធម្មតា វាចាប់ចំណីដោយលោតពីលើដើមឈើសង្គ្រប់លើសត្វនៅដីដូចជាខ្លារខិន ដែរ។ អាហាររបស់វាមានបក្សី ពស់ ជ្រូកព្រៃ ឈ្លូស ប្រើស ស្វាជាដើម។ ខ្លាពពកប្រើក្រញ៉ាំជើងមុខមុតសម្រាប់សង្កត់ចាប់ចំណី រួចទើបខាំជាក្រោយ។

ខ្លាពពកអាចបង្កើតកូនម្តងបានពី ២ ទៅ ៤ ក្បាល បន្ទាប់ពីពពោះអស់រយៈពេលប្រហែល ៩០ ទៅ៩៥ ថ្ងៃ។ ចំពោះរបាយរស់នៅ ខ្លាពពកមានភូមិភាគឥសាន និរតី និងភាគខាងជើងនៃប្រទេសកម្ពុជា។ វាត្រូវបានរកឃើញនៅប្រទេសបូតាន ចិន ឥណ្ឌា ឥណ្ឌូនេស៊ី (កោះស៊ូម៉ាត្រា) ឡាវ ម៉ាឡេស៊ី សារ៉ាវ៉ាក់ ភូមា នេប៉ាល់ ថៃនិងប្រទេសវៀតណាម។ ខ្លានេះបានផុតពូជនៅប្រទេសបង់ក្លាដេស សិង្ហបុរី និងតៃវ៉ាន់។

ខ្លាពពកមានមាឌធំជាងខ្លាភ្ញីថ្មកែវ មានសម្បុរពណ៌ក្រម៉ៅប្រផេះនៅលើ ដងខ្លួនមានផ្ទាំងៗដូចពពកធំៗ នៅផ្នែកខាងក្រោយនៃផ្ទាំងនេះមានពណ៌ខ្មៅខណ្ឌជាកំណាតើដុំផ្ទាំងនីមួយៗ។ ដុំផ្ទាំងនេះរីកធណំនៅផ្នែកខាងក្រោយស្មា ដែលចាប់ផ្តើមពីលើខ្នងរហូតស្ទើរដល់ក្រោមពោះ។ ច្រមុះមានពណ៌ស និងនៅលើថ្ងាសមានស្នាមអិចតូចៗ។ វាមានកន្ទុយវែង អុចៗនៅផ្នែកខាងគល់ និងបន្ទះៗនៅផ្នែកខាងចុង។ វាមានជើងខ្លី ប្រអប់ជើងធំងាយស្រួលក្នុងការប្រតោងមែកឈើ។

ខ្លាពពកងាយក្នុងការចំណាំណាស់ គឺយើងគ្រាន់តែក្រឡេកមើលនៅលើដងខ្លួនរបស់វាមាន ផ្ទាំងដុំសណ្ឋានដូចដុំពពករាយពាសពេញដងខ្លួន៕

LEAVE A REPLY

Please enter your comment!
Please enter your name here