ភ្នំពេញ៖ អង្គការសម្ព័ន្ធមិត្តសត្វព្រៃបានឱ្យដឹងថា សត្វខ្ទីងញីពេញវ័យមួយក្បាល ស្ថិតក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានស្លាប់ដោយសារជាប់អន្ទាក់យូរពេក បើទោះបីក្រុមអភិរក្សខិតខំជួយសង្រ្គោះយ៉ាងណាក្តី។
ប្រភពបន្តថា សត្វខ្ទីងញីនេះ ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរខ្លាំង អស់កម្លាំង និងគ្មានកម្លាំងឈរបាន ដោយជើងមុខម្ខាងជាប់នឹងអន្ទាក់។ ពេទ្យសត្វបានដាក់ថ្នាំសណ្តំទៅកាន់សត្វខ្ទីង មុននឹងដាក់អង់ទីប៊ីយ៉ូទិក ប៉ុន្តែជាអកុសល ដោយសារសភាពខ្សោយពេក គេក៏បានស្លាប់ក្រោមការប្រើថ្នាំសន្លប់។ ទំរាំតែសត្វជាប់អន្ទាក់ត្រូវបានរកឃើញ ភាគច្រើនគឺស្លាប់បាត់ទៅហើយ។ ពួកគេស្លាប់យឺតៗនិងឈឺចាប់បំផុត។
ការបាត់បង់សត្វខ្ទីងនេះ គឺជាដំណឹងអាក្រក់សម្រាប់ប្រភេទសត្វ ដែលត្រូវបានចាត់ថ្នាក់ជាសកលជាប្រភេទសត្វងាយរងគ្រោះ។ យោងតាមសហភាពអន្តរជាតិនៃការអភិរក្សធម្មជាតិ (IUCN) ចំនួនសត្វខ្ទីងនៅក្នុងព្រៃអាចមានដល់ទៅ៦០០០ក្បាល។ នៅក្នុងប្រទេសកម្ពុជា សត្វខ្ទីង គឺកម្រមានណាស់ មិនមានអ្នកណាដឹងច្បាស់ថា វានៅសល់ប៉ុន្មានក្បាលទេ ប៉ុន្តែហាក់នៅតិចតួចណាស់។
អង្គការសម្ព័ន្ធមិត្តសត្វព្រៃ ឲ្យដឹងទៀតថា អន្ទាក់ គឺជាការបំផ្លិចបំផ្លាញខ្លាំងបំផុត ពីព្រោះពួកវាអាចសម្លាប់សត្វបានដោយមិនរើសមុខ រួមទាំងប្រភេទសត្វដែលរងការគំរាមកំហែងផង។ នៅក្នុងព្រៃទូទាំងអាស៊ីអាគ្នេយ៍ អន្ទាក់បានឈានដល់កម្រិតវិបត្តិ។ នៅកម្ពុជាផល ប៉ះពាល់នៃអន្ទាក់លើសត្វព្រៃគឺខ្លាំងក្លា។ អន្ទាក់គឺជាមូលហេតុចម្បងនៃការបាត់បង់សត្វព្រៃជាច្រើន រួមទាំងសត្វខ្លា។ កូនសត្វដំរីត្រូវបានជាប់អន្ទាក់ជាញឹកញាប់ ហើយស្លាប់ជាបន្តបន្ទាប់ និងយ៉ាងហោចណាស់ ៥០ភាគរយនៃកូនដំរីត្រូវបានគេរកឃើញមានស្នាម របួសអន្ទាក់ធ្ងន់ធ្ងរនៅលើជើង និងប្រមោយរបស់ពួកគេ តាមរយៈម៉ាស៊ីនថតសត្វ។
សូមបញ្ជាក់ថា កាលពីឆ្នាំមុន ក្រុមមន្ត្រីឧទ្យានុរក្សក្នុងតំបន់ការពារទាំង៧ នៅតំបន់ជួរភ្នំក្រវាញ បានដោះចេញនូវអន្ទាក់ចំនួន ២៥.៨៨៦អន្ទាក់៕