ក្រសួងប្រៃសណីយ៍ លក់ឧបករណ៍តេស្តរហ័ស អង់ទីហ្សែនកូវីដ-១៩ ក្នុងតម្លៃ៣,៧ដុល្លារ

0
8

ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានប្រកាសលក់ឧបករណ៍តេស្តរហ័ស អង់ទីហ្សែនកូវីដ-១៩ ក្នុងតម្លៃដើម៣,៧ដុល្លារ ក្នុងមួយឧបករណ៍ និងមិនលក់ជូនសម្រាប់ធ្វើអាជីវកម្មបន្ដនោះឡើយ។

យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងប្រៃសណីយ៍ នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១បានឲ្យដឹងថា “យោងតាមអនុសាសន៍ណែនាំ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងដើម្បីរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ បានទាន់ពេលវេលា ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សូមជម្រាបជូន ថ្នាក់ដឹកនាំ ឬម្ចាស់ក្រុមហ៊ុន សហគ្រាស រោងចក្រ ស្ថាប័នពាក់ព័ន្ធ ដូចជា គ្រឹះស្ថានហិរញ្ញវត្ថុ និងទីតាំងប្រមូលផ្តុំ ដែលមានការគ្រប់គ្រងទាំងអស់ជ្រាបថា ក្រសួងប្រៃសណីយ៍ នឹងនាំចូលឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ-១៩ (Covid-19 Rapid Antigen Test) ពីប្រទេសកូរ៉េ ដើម្បីចែកចាយ បន្តក្នុងតម្លៃដើម៣,៧ដុល្លារអាមេរិក ក្នុងមួយឧបករណ៍”។

ក្រសួងបញ្ជាក់ថា ឧបករណ៍តេស្តរហ័សនេះ នឹងត្រូវលក់ជូនក្នុងគោលដៅយកទៅប្រើប្រាស់តែប៉ុណ្ណោះ ដោយមិនត្រូវយកទៅលក់បន្តឡើយ។

ក្នុងន័យនេះ ថ្នាក់ដឹកនាំ ឬម្ចាស់ក្រុមហ៊ុន សហគ្រាស រោងចក្រ ស្ថាប័នពាក់ព័ន្ធ ដូចជា គ្រឹះស្ថានហិរញ្ញវត្ថុ និងទីតាំងប្រមូលផ្តុំ ដែលមានការគ្រប់គ្រង ទាំងអស់ ដែលមានបំណងចង់យកសំណាកលើ បុគ្គលិក និយោជិត កម្មកររបស់ខ្លួន អាចទំនាក់ទំនងមកក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដើម្បីទិញឧបករណ៍ តេស្តរហ័ស នេះ តាមរយៈ តេឡេក្រាម t.me/rapidtestkh ឬលេខទូរសព្ទ ១២៣/ ០៦៧ ៨១៨ ៧៨២/ ០១៧ ៨៤៨ ១០៨/ ០៧៧ ៨៦៧ ៩៥៧ នៅរៀងរាល់ ម៉ោងធ្វើការ៕

LEAVE A REPLY

Please enter your comment!
Please enter your name here