ពេញ១ខែមិថុនា មានភ្ញៀវទេសចរជាង៣សែននាក់ ដើរកម្សាន្តទូទាំងប្រទេស

0
11

ភ្នំពេញ៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឲ្យដឹងថា ពេញ១ខែមិថុនា មានភ្ញៀវទេសចរជាង ៣សែននាក់ បានដើរកម្សាន្តទូទាំងប្រទេស ដែលចំនួននេះកើនឡើង ៧៨,៥៩% បើធៀបនឹងខែឧសភា។នេះបើយោងតាមក្រសួងទេសចរណ៍។

លោក ថោង ខុន បានបញ្ជាក់ថា “ភ្ញៀវសរុបដែលដើរកម្សាន្ត មានចំនួន ៣៤៦.៥១៨ នាក់ ក្នុងនោះ ភ្ញៀវជាតិ ៣៤២.១០៩ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ៤.៤០៩ នាក់ ស្ថិតិភ្ញៀវដែលបានដើរកម្សាន្ត ក្នុងខែមិថុនា ប្រចាំសប្តាហ៍នីមួយៗ រួមមាន៖ សប្តាហទី១ ភ្ញៀវប្រមាណ ៧៦.៦៩៨ នាក់, សប្តាហទី២ ភ្ញៀវប្រមាណ ៧០.៨៧១ នាក់, សប្តាហទី៣ ភ្ញៀវប្រមាណ ១០៩.០៩៥ នាក់, សប្តាហទី៤ ភ្ញៀវប្រមាណ ៨៩.៨៥៤ នាក់”។

គោលដៅទេសចរណ៍សំខាន់ៗដែលមានសកម្មភាពទេសចរណ៍ច្រើនជាងគេក្នុងខែមិថុនានេះ រួមមាន៖ រាជធានីភ្នំពេញ៖ ៦០.២៧៧ នាក់, ខេត្តកំពត៖ ៥០.៦៥១ នាក់, ខេត្តកំពង់ស្ពឺ៖ ៣៩.៣០០នាក់, ខេត្តបាត់ដំបង៖ ៣៥.១៤២ នាក់, ខេត្តព្រះសីហនុ៖ ៣២.៩៥៣ នាក់, ខេត្តកែប៖ ២០.៧៤៨ នាក់, ខេត្តសៀមរាប៖ ២០.២២៦ នាក់។

លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បញ្ជាក់បន្ថែមថា ចំនួននេះមានការកើនឡើងប្រមាណ ៧៨,៥៩% ធៀបនឹងខែឧសភាកន្លងមក ប៉ុន្តែក៏នៅថយចុះប្រមាណ ៤៣,៤% ធៀបនឹងខែមិថុនា ឆ្នាំ២០២០។ គោលដៅទេសចរណ៍តំបន់ឆ្នេរ (ពិសេសខេត្តកំពត ខេត្តកែប និងខេត្តព្រះសីហនុ) រួមជាមួយគោលដៅអេកូទេសចរណ៍ ទេសចរណ៍ធម្មជាតិ និងកសិទេសចរណ៍ គឺជាគោលដៅសំខាន់ដែលបានស្រូបទាញ ចរន្តភ្ញៀវទេសចរផ្ទៃក្នុងបានច្រើន។

ទន្ទឹមនឹងនេះ ក៏មានគោលដៅទេសចរណ៍មួយចំនួនតូចបានទទួលភ្ញៀវលើសសមត្ថភាពផ្ទុក (Carrying Capacity) ដោយសារតែភ្ញៀវ បានសម្រុកទៅលេងច្រើន ក្នុងពេលដំណាលគ្នា ពិសេសក្នុងថ្ងៃឈប់សម្រាកចុងសប្តាហ៍ ប៉ុន្តែក្រសួងទេសចរណ៍ ដែលមានមន្ទីរទេសចរណ៍ជាសេនា និងគណៈបញ្ជាការឯកភាពរាជធានីខេត្ត បានចុះពិនិត្យ និងណែនាំឲ្យគោរពតាមវិធានសុវត្ថិភាពទេសចរណ៍ និងដើម្បីបញ្ជៀសកុំឲ្យមានការកកកុញ មនុស្សអ៊ូរអរច្រើនបន្តទៀត។

ជារួម ចំនួនភ្ញៀវទេសចរផ្ទៃក្នុងបានបន្តកើនឡើងជាបណ្តើរៗ បន្ទាប់ពីរាជរដ្ឋាភិបាល បានបើកដំណើរការរមណីយដ្ឋានទេសចរណ៍ឡើងវិញ រហូតដល់បំណាច់ចុងខែមិថុនានេះ ប៉ុន្តែមិនទាន់មានសន្ទុះខ្លាំងក្លានៅឡើយ បើធៀបនឹងឆ្នាំ២០២០កន្លងមកដោយសារតំបន់ខ្លះនៃរាជធានីខេត្ត មួយចំនួន មានការកើនឡើងនៃជំងឺកូវីដ-១៩ ដែលធ្វើឲ្យគណៈបញ្ជាការឯកភាពចាត់វិធានដាច់ដោយឡែក និងដោយកន្លែង៕

LEAVE A REPLY

Please enter your comment!
Please enter your name here