ខ្លាឃ្មុំធំប្រភេទសត្វកម្រ និងជិតផុតពូជ ត្រូវបានប្រទះឃើញ នៅក្នុងដែនជម្រកសត្វព្រៃកម្ពុជា

0
9

ភ្នំពេញ៖ ខ្លាឃ្មុំធំ ស្ថិតក្នុងប្រភេទសត្វកម្រ និងជិតផុតពូជ (តាមច្បាប់ស្តីពីព្រៃឈើ របស់កម្ពុជា) និងត្រូវបានចាត់ជាប្រភេទងាយរងគ្រោះ (VU) នៅក្នុងបញ្ជីក្រហម IUCN ហើយត្រូវបានចាត់ថ្នាក់ក្នុងឧបសម្ព័ន្ធ នៃអនុសញ្ញា CITES។ មានវត្តមាននៅក្នុងប្រទេសមួយចំនួនក្នុងតំបន់អាស៊ីខាងត្បូង អាស៊ីអាគ្នេយ៍ រហូតដល់អាស៊ីខាងកើត ហើយក្នុងនោះក៏ត្រូវបានប្រទះឃើញ នៅក្នុងដែនជម្រកសត្វព្រៃកម្ពុជា។

បើតាមសំណេរលើហ្វេសប៊ុកក្រសួងបរិស្ថានបានឲ្យដឹងថា ខ្លាឃ្មុំធំរស់នៅក្នុងប្រភេទព្រៃជាច្រើនប្រភេទដែលរួមមានព្រៃស្រោងព្រៃពាក់កណ្តាល ស្រោង ព្រៃល្បោះចម្រុះ។ នៅក្នុងប្រទេសកម្ពុជា សត្វខ្លាឃ្មុំធំមានវត្តមាននៅក្នុងតំបន់ការពារធម្មជាតិមួយចំនួននៅភូមិភាគឦសាន ភូមិភាគខាងកើត ភូមិភាគខាងជើង និងភូមិភាគនិរតី នៃប្រទេសកម្ពុជា។ ខ្លាឃ្មុំធំ ជាប្រភេទសព្វាសី សត្វស៊ីចំនីចម្រុះរួមមានរុក្ខជាតិ និងសត្វ។

ខ្លាឃ្មុំធំ អាចចាប់ផ្តើមបង្កកំណើតនៅអាយុពី៤ទៅ៥ឆ្នាំ ជាទូទៅធ្វើការបង្កាត់ពូជនៅកំឡុងពីខែមិថុនា-កក្កដា ហើយបង្កើតកូននៅកំឡុងខែវិច្ឆិកា-មីនា និងជាទូទៅបង្កើតកូនម្តងបានពី១ទៅ២ក្បាល។

សត្វខ្លាឃ្មុំអាចរស់បានរហូតដល់អាយុជាង៣០ឆ្នាំ។ សត្វខ្លាឃ្មុំទទួលរងការគម្រាមកំហែងពីកត្តាជាច្រើនដែលរួមមាន ការបាត់បង់ទីជម្រក ការបរបាញ់ និងជួញដូរសត្វព្រៃខុសច្បាប់ ដើម្បីយកស្បែក ក្រចកជើង ប្រម៉ាត់ និងការចាប់មកចិញ្ចឹម៕

LEAVE A REPLY

Please enter your comment!
Please enter your name here