ស្វែងយល់អំពីបច្ចេកវិទ្យា DNS-over-HTTPS ឬ DoH

0
10

ភ្នំពេញ៖ នៅពេលដែលលោកអ្នកចង់ចូលទៅក្នុងគេហទំព័រណាមួយនោះ កុំព្យូទ័រត្រូវតែធ្វើការស្វែងរក និងផ្ទៀងផ្ទាត់អាសយដ្ឋាន IP (IP address) ជាមួយនឹងឈ្មោះរបស់គេហទំព័រ (domain name) ដែលលោកអ្នកបានវាយបញ្ចូល។

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបានឲ្យដឹងថា ដោយសារតែទិន្នន័យដែលបានផ្លាស់ប្ដូរក្នុងការផ្ទៀងផ្ទាត់នេះមិនត្រូវបានអ៊ីនគ្រីបនោះ វាអាចឱ្យក្រុមហ៊ុនផ្ដល់សេវាកម្មអ៊ីនធឺណិត (ISP) និងក្រុមហ៊ុនពាក់ព័ន្ធផ្សេងៗទៀត អាចមើលឃើញគេហទំព័រទាំងអស់ដែលអ្នកប្រើប្រាស់ បានចូលទៅមើល។

ដើម្បីជួយការពារទិន្នន័យឯកជនភាពរបស់អ្នកប្រើប្រាស់ ក្រុមហ៊ុនបង្កើតកម្មវិធី web browser មួយចំនួនមានដូចជា Mozilla និង Google បានបន្ថែមមុខងារ DoH ដើម្បីអុីនគ្រីបទិន្នន័យ និងធ្វើការផ្ទៀងផ្ទាត់ឈ្មោះរបស់គេហទំព័រទាំងនោះ ជាមួយនឹងសើវើ (server) មួយដែលលោកអ្នកបានជ្រើសរើសយក។ ជាមួយនឹងមុខងារនេះ មានតែក្រុមហ៊ុនដែលផ្ដល់សេវាកម្មសើវើតែមួយប៉ុណ្ណោះដែលដឹងពីគេហទំព័រ ដែលអ្នកប្រើប្រាស់បានចូលទៅមើល ដូច្នេះវាមានភាពងាយស្រួលច្រើនជាងមុនក្នុងការគ្រប់គ្រងទិន្នន័យរបស់អ្នកប្រើប្រាស់។

ទោះបីជាមុខងារនេះត្រូវបានបើកឱ្យប្រើដោយស្វ័យប្រវត្តិសម្រាប់អ្នកប្រើប្រាស់កម្មវិធី Firefox នៅក្នុងសហរដ្ឋអាមេរិកក្ដីប៉ុន្តែសម្រាប់ប្រទេស កម្ពុជាយើង ប្រសិនបើលោកអ្នកចង់ប្រើមុខងារនេះ លោកអ្នកអាចបើកវានៅក្នុង Settings របស់កម្មវិធី។ សម្រាប់ការណែនាំលម្អិត

លោកអ្នកអាចចូលទៅអានតាមតំណភ្ជាប់ដូចខាងក្រោម៖
https://support.mozilla.org/en-US/kb/firefox-dns-over-https

គួរបញ្ជាក់ផងដែរថាក្រុមហ៊ុន Microsoft ក៏បានកំពុងតែសាកល្បងដាក់ឱ្យប្រើមុខងារនេះនៅក្នុងកម្មវិធីប្រព័ន្ធប្រតិបត្តិការ Windows 11 ដែលនឹងអុីនគ្រីបទិន្នន័យទាំងអស់ក្នុងពេលផ្ទៀងផ្ទាត់ DNS ដែលមាននៅក្នុងកុំព្យូទ័រ៕

LEAVE A REPLY

Please enter your comment!
Please enter your name here