រថភ្លើងកិនក្មេងប្រុសស្រី២នាក់ ស្លាប់ម្នាក់ ខណៈពួកគេកំពុងដេកលក់លើផ្លូវ

0
10

ពោធិ៍សាត់៖ ក្មេងស្រីអាយុ១៣ម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និងក្មេងប្រុសម្នាក់រងរបួសធ្ងន់ធ្ងរ ដោយសាររថភ្លើងកិន ខណៈពួកគេកំពុងដេកលក់នៅលើផ្លូវរថភ្លើង ស្ថិតក្នុងចំណុចខាងកើតផ្លូវរមណីយដ្ឋានទឹកធ្លាក់ច្រកល្អៀង ចំងាយ១៥០ម៉ែត្រ ស្ថិតនៅភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

លោកវរសេនីយ៍ឯក ឯម រុន អធិការ នៃអធិការដ្ឋាននគរបាលស្រុកក្រគរ បានប្រាប់ឲ្យដឹងថា តាមការបញ្ជាក់ពីភ្នាក់ងារសម្រួលចរាចរណ៍លើដងផ្លូវដែលមានរថភ្លើងឆ្លងកាត់ បានឲ្យដឹងថា នៅវេលាម៉ោង៤ព្រឹក ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១ នៅលើផ្លូវរថភ្លើងនៅចំណុចកើតហេតុខាងលើ មានរថភ្លើងមួយខ្សែបាន ធ្វើចរាចណ៍ក្នុងទិសដៅពីលិចទៅកើត។ លុះព្រឹកឡើងស្រាប់តែឮដំណឹងមានមនុស្សត្រូវរថភ្លើងកិន បណ្តាលឲ្យក្មេងប្រុសស្រី ពីរនាក់ស្លាប់និងរបួសធ្ងន់។

តាមការពិនិត្យរបស់សមត្ថកិច្ចជំនាញ នៅកន្លែងកើតហេតុ បានបញ្ជាក់ថា ជនរងគ្រោះពិតត្រូវរថភ្លើងកិនប្រាកដមែន ដោយជនរងគ្រោះម្នាក់ភេទស្រីដែលដេកកើយផ្លូវរថភ្លើង ត្រូវបានរថភ្លើងកិន ចំកនិងក្បាល។ ចំណែកឯជនរងគ្រោះម្នាក់ទៀតភេទប្រុស ត្រូវរថភ្លើងកិនបណ្តាលឲ្យ រងរបួសដាច់ម្រាមដៃខាងឆ្វេង និងរបួសក្បាល។

ករណីនេះ សមត្ថកិច្ចបានសន្និដ្ឋានថា គឺបណ្តាលមកពីពួកគេ ដើរស្វែងរករើសអេតចាយ លុះដល់យប់ជ្រៅងងុយដេក ក៏នាំបងប្អូនដេកកើយលើផ្លូវរថភ្លើង។

លោកអធិការបានបញ្ជាក់បន្ថែមថា ជនរងគ្រោះទាំងពីរនាក់ ទី១ឈ្មោះ ញ៉ាញ់ អិត ភេទស្រី អាយុ១៣ឆ្នាំ ស្លាប់នៅកន្លែងកើតហេតុ ទី២ ឈ្មោះញ៉ាញ់ ញៀន ភេទប្រុសអាយុ៨ឆ្នាំ រងរបួសដាច់ម្រាមដៃខាងឆ្វេង និងរងរបួសក្បាល បញ្ជូនទៅព្យាបាលនៅណ្ឌុលសុខភាពឈើតុំ ជនរងគ្រោះទាំង០២នាក់ មានទីលំនៅភូមិចាមចាស់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

បច្ចុប្បន្ន សពក្មេងគ្រោះត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ និងប្រគល់ជូនក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕

LEAVE A REPLY

Please enter your comment!
Please enter your name here