សត្វកែះ ជាប្រភេទសត្វកម្រ មានវត្តមាននៅក្នុងតំបន់ការពារធម្មជាតិកម្ពុជា

0
8

ភ្នំពេញ៖ សត្វកែះ ជាប្រភេទសត្វមានដោយកម្រ ត្រូវបានចុះក្នុងបញ្ជីក្រហម IUCN ជាប្រភេទសត្វងាយរងគ្រោះថ្នាក់ជាសកល និងជាសត្វស្ថិតក្នុងឧបសម្ព័ន្ធទី១ របស់អនុសញ្ញាសាយតេស។ ថ្មីៗនេះក្រុមអ្នកស្រាវជ្រាវរបស់ក្រសួងបរិស្ថានបានរកឃើញវត្តមានសត្វកែះនៅក្នុងតំបន់ ការពារធម្មជាតិកម្ពុជាតាមរយៈការដាក់ម៉ាស៊ីនថតស្វ័យប្រវត្តិស្ថិតក្នុងក្របខណ្ឌនៃការសិក្សាចងក្រងទិន្នន័យប្រភេទសត្វកម្រៗនៅកម្ពុជា។

ក្រសួងបរិស្ថានបានឲ្យដឹងថា ប្រភេទសត្វកម្រនៅលើពិភពលោកនេះត្រូវបានកត់សម្គាល់ថាមានវត្តមាននៅក្នុងតំបន់ការពារធម្មជាតិនៅកម្ពុជា ដែលនេះគឺជាការផ្តល់នូវទិន្នន័យមួយ យ៉ាងសំខាន់សម្រាប់ការអភិរក្សជីវៈចម្រុះនៅកម្ពុជា ក៏ដូចជាសម្រាប់ពិភពលោកទាំងមូល។គេមិនទាន់មាន ទិន្នន័យពិតប្រាកដថា មានសត្វកែះប៉ុន្មានក្បាលរស់នៅ ក្នុងប្រទេសកម្ពុជាទេ តែប្រភេទសត្វនេះមានដង់ស៊ីតេរស់នៅកម្រិតទាបបំផុតដោយសារតែ ជាសត្វកម្រ។

បច្ចុប្បន្ននេះ សត្វកែះកំពុងប្រឈមមុខនឹងការបាត់បង់ពូជដោយសារការបរបាញ់ ការដាក់អន្ទាក់និងការបាត់បង់ជីជម្រក។ អ្វីដែលធ្វើឱ្យសត្វកែះរងគ្រោះខ្លាំងដោយសារតែការប្រមាញ់ដើម្បីយកសាច់ ស្នែង ឆ្អឺងក្នុងការជួញដូរដោយសារតែជំនឿ។
យោងតាមការសិក្សា កែះមានសម្បុរខ្មៅប្រផេះ និងរោមវែងស្តើង៊ វាមានដងខ្លួនខ្លី ហើយជើងទាំង ៤របស់វាវែង។

ផ្នែកខាងលើដងខ្លួនសម្បុរខ្មៅ និងផ្នែកក្រោមនៃជើងចាប់ពីក្បាលជង្គង់ចុះមានពណ៌ចម្រុះខ្មៅ ប្រផេះ លឿង។នៅលើពំនូកក្បាលរហូតដល់ស្មា របស់វាមានរោមរឹងវែងៗសណ្ឋាន ដូចជាប្រែង។ វាមានស្នែងដូចសត្វពពែ ដុះកោងទៅក្រោយបន្តិច ប្រវែងប្រហែល ២៨០មម ពណ៌ខ្មៅ និងមានគន្លាក់ៗជារង្វង់នៅផ្នែកគល់។ កន្ទុយខ្លី ហើយមានរោមសំពោងពណ៌ខ្មៅប្រផេះ។

តាមការសិក្សា ចំពោះជីវសាស្ត្រវិញ សត្វកែះចូលចិត្តរស់នៅតំបន់ព្រៃភ្នំ ជ្រលង ផ្ទាំងថ្មខ្ពស់ៗដែលមាគម្របព្រៃនិងមានស្រទាប់រុក្ខជាតិថ្នាក់ ក្រោមច្រើន។ កែះមានជើងយ៉ាង ចំណាប់ក្នុងការដើរឡើងតាមផ្ទាំងថ្មចោតៗ។

នៅពេលថ្ងៃវាចូលចិត្តសម្រាកតាមគម្ពោតព្រៃក្រាស់ ហើយចេញរកស៊ីនៅពេលព្រលឹម ឬក្បាលព្រលប់។ វាចូលចិត្តស៊ីស្លឹករុក្ខជាតិ និងល្បះគ្រប់ប្រភេទ។ សត្វកែះចូលចិត្តយករូងភ្នំរាក់ៗធ្វើជាទីជម្រករបស់វា ហើយគេអាចសម្គាល់វត្តមានវាដោយសារគំនរលាមក។

ដោយសារតែកែះជាសត្វមានភាពរហ័សរហួន និងពូកែស្រង់ក្លិន ភ្នែកពូកែ និងរស់នៅតាមទីជម្រកស្ងាត់ដូច្នេះគេកម្រនឹងជួបប្រទះវាណាស់។ រដូវបន្តពូជសត្វកែះមាននៅខែតុលា និងខែធ្នូ ហើយកើតបានកូន ១ ជួនកាលភ្លោះមានដោយកម្រ បន្ទាប់ពីពពោះ ៧ ខែ។ កូនរស់នៅជាមួយមេវាស្ទើរពេញមួយឆ្នាំ ទើបចាកចេញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here