រីករាយថ្ងៃចុងសប្ដាហ៍! មកសាករស់ជាតិមាន់ស្រែអាំង ប្រហុកអង្ក្រង បន្លែព្រៃ សម្រាប់អ្នកធ្វើដំណើរកម្សាន្តអេមម៉ង

0
14

ភ្នំពេញ៖ យើងមិនគួរមើលរំលងការចិញ្ចឹមមាន់ស្រែ នៅពេលដែលស្ទើរតែរាល់ថ្ងៃ អាហារសំខាន់មួយរបស់យើង គឺសាច់មាន់ ជាពិសេសនៅពេលធ្វើដំណើរកម្សាន្ត។ មាន់អាំងជាទូទៅមានលក់នៅតាមបណ្តោយផ្លូវចូល ទៅកាន់រមនីយដ្ឋាននានា។

មាន់ស្រែអាំងភ្លាមៗក្តៅៗ ជាមួយប្រហុកចិញ្ច្រាំលាយអង្ក្រងនិងបន្លែព្រៃស្រស់ៗ​ ពិតជាទាក់ទាញអារម្មណ៍យើងឱ្យទៅលេងកម្សាន្តទីនោះម្តង ហើយម្តងទៀត។ រមនីយដ្ឋានទេសចរណ៍ធម្មជាតិដែលមានមាន់ស្រែអាំងឆ្ងុយឆ្ងាញ់ មានច្រើនដូចជា ទឹកធ្លាក់ជ្រាវក្នុងខេត្តកំពង់ស្ពឺ ទឹកធ្លាក់ថ្មក្រាល ទឹកធ្លាក់ស្រែអំពិលក្នុងខេត្តកំពង់ឆ្នាំង ទឹកធ្លាក់ច្រកល្អៀងក្នុងខេត្តពោធិ៍សាត់ រមនីយដ្ឋានឧទ្យានជាតិភ្នំគូលែន ។ល។

មាន់ស្រែដែលត្រូវបានចម្អិនជាអាហារសម្រាប់ភ្ញៀវទេសចរណ៍ ជាផលិតផលរបស់សហគមន៍ចិញ្ចឹមជាលក្ខណៈគ្រួសារ ដែលមានមេមាន់ ៣-៥ ក្បាលប៉ុណ្ណោះ ដែលអាចផ្តល់ចំណូលប្រមាណ ១,៥-២ លានរៀលក្នុងមួយឆ្នាំ តែផលិតកម្មបែបនេះ មិនអាចបំពេញតម្រូវការទីផ្សារបាននៅឡើយទេ។ បច្ចុប្បន្នមានសមាជិកសហគមន៍មួយចំនួន បានចាប់ផ្តើមបង្កើនចំនួនមេមាន់ក្នុងការចិញ្ចឹម ដោយបន្ថែមចំណី ការថែទាំ និងអនុវត្តវិធានជីវសុវត្ថិភាព។

លោកសុខ ជូ ជាសមាជិកគណៈកម្មាការសហគមន៍ការពារធម្មជាតិព្រៃភ្នំពពេល ឃុំខ្នងផ្សារ ស្រុកស្វាយលើ ខេត្តសៀមរាប ចិញ្ចឹមមេមាន់ ២៥ក្បាល ទទួលបានចំណូលប្រមាណ ១២-១៥លានរៀលក្នុងមួយឆ្នាំ ដោយបានអនុវត្តវិធានជីវសុវត្ថិភាព និងដាំចកជើងតុកកែជាចំណីបន្ថែមដល់មាន់។

ជាទូទៅ ឈ្មួញមកទិញមាន់ដល់ផ្ទះគាត់ សម្រាប់ផ្គត់ផ្គង់ដល់ភោជនីយដ្ឋាន និងកន្លែងមាន់អាំងនៅតំបន់ទេសចរណ៍ នៅលើឧទ្យានជាតិភ្នំគូលែន។ លោកជូ បន្ថែមថា នៅក្នុងកំឡុងបុណ្យទាន ជាពិសេសចូលឆ្នាំចិន យើងមិនមានមាន់សម្រាប់លក់ឱ្យឈ្មួញតាមតម្រូវនោះឡើយ ហើយតម្លៃមាន់នៅពេលនោះ អាចឡើងខ្ពស់ខ្លាំង៕

LEAVE A REPLY

Please enter your comment!
Please enter your name here