ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានជូនដំណឹងស្ដីពីការទុកដាក់សំរាមរបស់អ្នកជំងឺកូវីដ១៩ កម្រិតស្រាល ដែលសម្រាកព្យាបាលថែទាំនៅតាមផ្ទះ ដើម្បីជៀសវាងការឆ្លងទៅកាន់អ្នកដទៃ។
តាមរយៈសេចក្ដីជូនដំណឹងនោះ រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការណែនាំដូចខាងក្រោម៖
ទី១៖ ត្រូវទុកដាក់សំរាមនៅក្នុងស្បោងឲ្យបានត្រឹមត្រូវ និងដាច់ដោយឡែកពីសំរាមរបស់អ្នកផ្សេងទៀត
ទី២៖ ត្រូវធ្វើការបាញ់ថ្នាំ ឬអាកុល សម្លាប់មេរោគកូវីដ១៩ នៅលើសំរាមទាំងខាងក្នុង និងខាងក្រៅស្បោង ហើយទុកដាក់សំរាមដាច់ដោយឡែកលើសពី៧២ម៉ោង ទើបអាចបញ្ចេញមកខាងក្រៅបាន
ទី៣៖ ត្រូវដាក់សំរាមក្នុងស្បោងពណ៌លឿង ឬសរសេរស្លាកសញ្ញាបញ្ជាក់នៅលើស្បោង ដើម្បីងាយស្រួលក្នុងការប្រមូល
ទី៤៖ ត្រូវប្រើប្រាស់ស្បោងសំរាម ដែលមានចំណុះ១៥គីឡូក្រាម ដើម្បីផ្ទុកបរិមាណសំរាមឲ្យបានរយៈពេល៥ថ្ងៃយ៉ាងតិច ដើម្បីជៀសវាងបញ្ចេញសំរាមរៀងរាល់ថ្ងៃ៕
