ក្រសួងបរិស្ថានយកឈើដែលរឹបអូសបានពីការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ផលិតជាក្តារម្ឈូសសម្រាប់ដាក់សពអ្នកជំងឺកូវីដ១៩

0
9

ភ្នំពេញ÷ លោក នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថានបានឲ្យដឹងថា ដោយអនុវត្តតាមអនុសាសន៍សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាថា «ទោះបីជាប្រទេសយើងក្រ តែមិនត្រូវឱ្យពលរដ្ឋខ្មែរយើងស្លាប់ដោយអណោចអធមឡើយ» ក្រសួងបរិស្ថានបានយកឈើដែលរឹបអូសបានពីការទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិដើម្បីផលិតក្តារម្ឈូសផ្តល់ជូនអាជ្ញាធរពាក់ព័ន្ធប្រើប្រាស់សម្រាប់តម្កល់សពអ្នកជំងឺកូវីដ១៩ ដែលបានស្លាប់បាត់បង់ជីវិត។

តាមរយ:បណ្ដាញសង្គមហ្វេសប៊ុក លោក នេត្រ ភក្ត្រាបានឲ្យដឹងថា រហូតមកដល់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ អ្នកជំងឺកូវីដ១៩ ចំនួន ៨៨១ នាក់ហើយបានស្លាប់បាត់បង់ជីវិតចាប់តាំងពីព្រឹត្តិការណ៍សហគមន៍ថ្ងៃទី២០ ខែកុម្ភៈ បានផ្ទុះឡើងនៅកម្ពុជា។ ឥឡូវនេះអត្រានៃការស្លាប់ប្រចាំថ្ងៃចន្លោះពី ២០ ទៅ៣០នាក់។

លោកបញ្ជាក់ថា សូមចូលរួមបញ្ឈប់ការចម្លងនិងកាត់បន្ថយអត្រានៃការស្លាប់ តាមរយៈអនុវត្តវិធានការ ៣ កុំ ៣ ការពារឱ្យបានខ្ជាប់ខ្ជួនបំផុត និងគោរពតាមបទបញ្ជារបស់រាជរដ្ឋាភិបាល និងការណែនាំរបស់ក្រសួងសុខាភិបាល!

លោកបញ្ជាក់ទៀតថា រូបភាពនេះ លោកបានចុះពិនិត្យការផលិតក្តារម្ឈូសដោយក្រុមមន្ត្រីមន្ទីរបរិស្ថាខេត្តកំពតកាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១ និងរូបភាពក្តារម្ឈូសដែលបានផលិតនៅតាមបណ្តាមន្ទីរបរិស្ថានខេត្តផ្សេងទៀតដែលមានឈើចាប់បានពីបទល្មើសធនធានធម្មជាតិ និងបានការអនុញ្ញាតឱ្យប្រើប្រាស់។ បើខ្លាចកូវីដ១៩ សូមការពារខ្លួនអ្នក គ្រួសារអ្នកនិងសហគមន៍ពីការឆ្លងជំងឺកូវីដ១៩ ដោយអនុវត្តឱ្យបានខ្ជាប់ខ្ជួនវិធានការ ៣ កុំ ៣ ការពារនិងគោរពតាមបទបញ្ជាទាំងឡាយរបស់រដ្ឋាភិបាលនិងក្រសួងសុខាភិបាល៕

LEAVE A REPLY

Please enter your comment!
Please enter your name here