មន្ត្រីឧទ្យានុរក្ស ជួយសង្គ្រោះសត្វអណ្តើកសោម១២ក្បាល ពីព្រានព្រៃ

0
9

ភ្នំពេញ៖ ក្រុមមន្ត្រីឧទ្យានុរក្សនៅតំបន់ជួរភ្នំក្រវាញ បានជួយសង្គ្រោះសត្វអណ្តើកសោមឈ្មោល ចំនួន ១២ ក្បាល និងសត្វកន្ធាយអាស៊ីចំនួន ២ ក្បាលពីព្រានព្រៃ។

យោងតាមអង្គសម្ព័ន្ធមិត្តសត្វព្រៃបានឲ្យដឹងថា ជាសំណាងល្អផងដែរ ដែលសត្វអណ្តើកទាំងអស់មិនមានរងរបួសអ្វីទាំងអស់ ហើយមន្រ្តីឧទ្យានុរក្សបានដោះលែងពួកវាទៅក្នុងព្រៃវិញ។

ប្រភេទសត្វទាំងនេះត្រូវបានការពារនៅក្នុងប្រទេសកម្ពុជា។ ជនប្រមាញ់សត្វ តាមប្រមាញ់រកសត្វអណ្តើកនិងកន្ធាយ សម្រាប់ធ្វើជាអាហារ និងការជួញដូរសត្វចិញ្ចឹមខុសច្បាប់។

អណ្តើកទាំងនេះមានសំណាងណាស់ កាលពីឆ្នាំមុន មន្រ្តីឧទ្យានុរក្សបានរឹបអូសសត្វអណ្តើក និងកន្ធាយសរុបចំនួន ៩២ ក្បាល រួមទាំងប្រភេទសត្វដែលជិតផុតពូជផងដែរ។ ក្រៅពីមន្រ្តីឧទ្យានុរក្សដែលជួយសង្គ្រោះសត្វអណ្តើក នៅមានក្រុមអនុវត្តច្បាប់ប្រឆាំងបទល្មើសសត្វព្រៃ និងក្រុមសង្គ្រោះសត្វព្រៃបន្ទាន់ទៀតផងដែរ ដែលបានរឹបអូសសត្វអណ្តើកនិងកន្ធាយចំនួន ២៦២ ក្បាលកាលពីឆ្នាំមុន។

ប្រសិនបើលោកអ្នកប្រទះឃើញមានការដាក់លក់សត្វព្រៃ ឬត្រូវបានរក្សាទុកជាសត្វចិញ្ចឹម រួមទាំងសត្វអណ្តើកផងដែរ សូមទំនាក់ទំនងមកកាន់លេខទូរស័ព្ទបន្ទាន់របស់ក្រុមប្រឆាំងបទល្មើសសត្វព្រៃ តាមរយៈហ្វេសប៊ុក ឬទូរស័ព្ទលេខ ០១២ ៥០០ ០៩៤៕

LEAVE A REPLY

Please enter your comment!
Please enter your name here