ចាប់ខ្លួនបានហើយ ក្រុមលួចយកម៉ូតូរាប់សិបគ្រឿង ពីខេត្តបាត់ដំបងទៅលក់នៅរាជធានីភ្នំពេញ

0
11

ខេត្តបាត់ដំបង៖ ពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង០៩និង៤០នាទី អនុវត្តតាមបទបញ្ជារបស់លោកឧត្ដមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង អធិការនគរបាលក្រុងបាត់ដំបង បានដឹកនាំកម្លាំងនគរបាលធ្វើការស្រាវជ្រាវស៊ើបអង្កេត និងឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ នៅចំណុចភូមិព្រែកព្រះស្ដេច សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង ពាក់ពន្ធ័ករណីអំពើលួចមានស្ថានទម្ងន់ទោស (កាច់សោលួចយកម៉ូតូ)។

នគរបាលក្រុងបាត់ដំបងបានឲ្យដឹងថា ជនសង្ស័យទាំង៣នាក់នោះមានឈ្មោះ៖ ១.ឈ្មោះ ហែម សុខខេត ភេទប្រុស អាយុ ៣៨ឆ្នាំ មានទីលំនៅភូមិអណ្ដូងប្រេង ឃុំក្រាំងលាវ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។ ២.ឈ្មោះ អ៊ុន បឿក ភេទប្រុស អាយុ ១៩ឆ្នាំ មានទីលំនៅបន្ទប់ជួល សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងទី៣.ឈ្មោះ ហែម វណ្ណ: ភេទប្រុស អាយុ ១៨ឆ្នាំ មានទីលំនៅបន្ទប់ជួល សង្កាត់សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សម្ភារ:ដកហូតបានរួមមាន៖ ម៉ូតូម៉ាកហុងដាឌ្រីម សេរីឆ្នាំ២០១៥ ចំនួន១គ្រឿង ដែលជិះដឹកគ្នាទម្លាក់ធ្វើសកម្មភាព, ទូរសព្ទដៃម៉ាក់Nokia អិនចុចពិលចំនួន ៤គ្រឿង, កូនសោរម៉ូតូចម្លងរួចចំនួន ៧កូនសោរ, ដង្កាប់ចំនួន១, ទូណឺវីសចំនួន២, ស្គតកាត់លេខ៨ ចំនួន២, កាបូបដាក់ក្រវ៉ាត់ចង្កេះចំនួន២, ស្រោមដៃចំនួន១, កូនសោរលេខ៨ ចំនួន១ ។

សូមជម្រាបជូនថា កាលពីថ្ងៃទី១០ ខែ កក្កដាឆ្នាំ២០២១ វេលាម៉ោង១៨និង៤៥នាទី ចំណុចក្រុមទី២ ភូមិបែកចានថ្មី សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង ជនសង័្សយមិនស្គាល់អត្តសញ្ញាណបានធ្វើសកម្មភាព (កាច់សោលួចយកម៉ូតូ) របស់ជនងគ្រោះឈ្មោះ ស៊ាញ ម៉ាញ ភេទប្រុស អាយុ ៣៧ឆ្នាំ មានទីលំនៅភូមិបែកចានថ្មី សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ភិនភាគម៉ូតូបាត់បង់គឺម៉ាក់ហុងដាឌ្រីម សេរីឆ្នាំ២០២០ ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AL-3364 លេខតួ 5831929។ នៅក្រោយពេលកើតហេតុជនរងគ្រោះបានដាក់ពាក្យបណ្តឹងចូលមកសមត្ថកិច្ចនគរបាលក្រុងបាត់ដំបង ហើយបន្ទាប់ពីទទួលបានពាក្យបណ្តឹងនេះសមត្ថកិច្ចបានធ្វើការស្រាវជ្រាវរហូតកំណត់បាននូវមុខសញ្ញានេះ និងឈានដល់ការឃាត់ខ្លួនបានតែម្តង។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ពួកខ្លួនពិតជាបានធ្វើសកម្មភាព (កាច់សោលួចយកម៉ូតូ) នាពេលកន្លងទៅនៅក្នុងខេត្តបាត់ដំបងប្រាដកមែនពិសេសគឺក្រុងបាត់ដំបងនិងស្រុកបាណន់។ ក្នុងសេចក្តីសារភាពរបស់ជនសង័្សយខាងលើនេះបានបញ្ជាក់ថា ក្នុងរយៈពេលកន្លងទៅបក្សពួកខ្លួនធ្លាប់បានលួចកាច់សោយកម៉ូតូមិនតិចជាង២០គ្រឿងនោះទេ នៅក្រុងបាត់ដំបង និងស្រុកបាណន់ ហើយពេលលួចបានក្រុមនេះជិះម៉ូតូនោះដោយផ្ទាល់យកទៅភ្នំពេញតែពេលទៅដល់ម្តុំផ្សារឧត្តុង្គ មានបក្សពួកផ្សេងទៀតនៅចាំទទួលយកបន្តនៅទីនោះយកទៅភ្នំពេញ។

បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាងនគរបាលក្រុងកំពុងរៀបចំសំណុំរឿងបញ្ជូនមកការិយាល័យជំនាញអនុវត្តតាមនីតិវិធី៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here