ចិន ផ្ដល់ជំនួយឥតសំណងជាង ២លានដុល្លារ ដល់កម្ពុជា ដើម្បីគាំទ្រប្រតិបត្តិការ បោសសំអាតមីន

0
8

ភ្នំពេញ៖ រដ្ឋាភិបាលចិន​ បានសំរេចផ្តល់ជំនួយឥតសំណងចំនួន ២លាន ៥សែនដុល្លារអាមេរិក ជូនដល់រាជរដ្ឋាភិបាលកម្ពុជា​ តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីគាំទ្រកិច្ចប្រតិបត្តិការ បោសសំអាតគ្រាប់មីន និងសំណល់យុទ្ធភណ្ឌពីសង្គ្រាម របស់អង្គភាពស៊ីម៉ាក់ ស្ថិតនៅកងឯកភាពកំចាត់មីនទី៦​ ខេត្តព្រះវិហារ​ ឧត្តរមានជ័យ​ ស្ទឹងត្រែង​ និងកងឯកភាពកំចាត់មីនទី៤​ ខេត្តសៀមរាប​ និងខេត្តកំពង់ធំ ដែលមាន​កម្លាំង​ប្រតិបត្តិការ​ សរុបចំនួនជិត ៣០០នាក់។​

សូមជម្រាបថា គម្រោងនេះ​មាន​រយៈពេល ​១២ខែ ចាប់ពីខែមករាដល់ខែធ្នូ ឆ្នាំ២០២២ និងមានផែនការត្រូវរំដោះផ្ទៃដីចំការមីន និងចំការសំណល់ជាតិផ្ទុះ ពីសង្គ្រាមចំនួនជាង ១៧០០ហិចតា​ និងសកម្មភាពអប់រំយល់ដឹង ពីគ្រោះថ្នាក់ដោយសារមីនចំនួន ៧ខេត្ត។

សូមរំលឹកថា លទ្ធផលរយ:ពេល ៦ខែ ឆ្នាំ២០២១នេះ​ គំរោងជំនួយចិនលុបបំបាត់គ្រាប់មីននៅកម្ពុជា ដែលបានផ្តល់ជំនួយឥតសំណង មានទំហំថវិកាដូច២០២២ដែរ​នោះ និងបានរំដោះដីចំការមីន / គ្រាប់សំណល់ជាតិផ្ទុះចំនួ​នជិត ១០៨៣ហិចតា រុករកឃើញកំទេចគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមចំនួ​នជាង ៥០០០គ្រាប់។

ឆ្លៀតក្នុងឱកាសនេះ​ លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ បានគោរពថ្លែងអំណរគុណជាអនេគ ចំពោះសម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាល​ ដែលបានជំរុញសំណើ គាំទ្រថវិកានេះជាមួយប្រធានាធិបតីចិន​ ហើយជាបន្តបន្ទាប់រដ្ឋាភិបាលចិន បានឆ្លើយតបតាមសំនូមពររបស់សម្តេចតេជោ។

ក្នុងឱកាសនេះដែរ​ តាងនាមអង្គភាពស៊ីម៉ាក់ ក៏ដូចជនរងគ្រោះដោយសារមីន​ លោក ហេង រតនា ក៏បានសំដែងនូវការដឹងគុណជូនចំពោះប្រជាជន និងរដ្ឋាភិបាលចិនដែលបានគាំទ្រ ថវិកាមនុស្សមនុស្សធម៌ ដ៏មានសារសំខាន់នេះ​ សំរាប់ទ្រទ្រង់សកម្មភាពអង្គភាពស៊ីម៉ាក់ ក្នុងការរំដោះគ្រាប់មីន និងសំណល់យុទ្ធភណ្ឌពីសង្គ្រាម​ ផ្តល់សុខសុវត្ថិភាព និងគាំទ្រការអភិវឌ្ឍនៅកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here