ក្រសួងប្រៃសណីយ៍ ចាត់វិធានការក្រុមហ៊ុន Smart ៤ចំណុច ករណីកាត់ផ្តាច់លេខទូរស័ព្ទ អតិថិជនកំពុងប្រើរាល់ថ្ងៃ យកទៅលក់ឲ្យអតិថិជនថ្មី

0
9

ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានប្រកាសចាត់វិធានការ ៤ចំណុច ទៅលើក្រុមហ៊ុន ស្មាត អាស្យាតា ខូ អិលធីឌី (Smart Axiata Co., Ltd.) ក្រោយពីក្រុមហ៊ុននេះ បានអនុវត្តខុសនឹងនីតិវិធី ក្នុងការបើកលេខទូរសព្ទជូនអតិថិជន ដោយបានកាត់ផ្តាច់លេខទូរសព្ទ របស់អតិថិជនដែលកំពុងប្រើប្រាស់រាល់ថ្ងៃ ហើយយកទៅលក់បន្តឱ្យអតិថិជនថ្មី ដោយគ្មានការយល់ព្រមពីម្ចាស់ដើម។

យោងតាមសេចក្ដីជូនដំណឹង របស់ក្រសួងប្រៃសណីយ៍ នៅថ្ងៃទី២២ កក្កដានេះ បានបញ្ជាក់ថា ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍អ្នកប្រើប្រាស់ សេវាទូរសព្ទចល័ត ក្រសួងប្រៃសណីយ៍ សូមជម្រាបជូនសាធារណជន អំពីការចាត់វិធានការលើក្រុមហ៊ុន ស្មាត អាស្យាតា ខូ អិលធីឌី ដូចខាងក្រោម៖

១.ក្រុមហ៊ុន ស្មាត អាស្យាតា ខូ អិលធីឌី ត្រូវធ្វើការសុំទោសជាសាធារណៈ ដោយចុះផ្សាយក្នុងគេហទំព័រផ្លូវការរបស់ខ្លួន និងសន្យាមិនឱ្យមានហេតុការណ៍ខាងលើ កើតមានសារជាថ្មីម្តងទៀត។

២.ក្រុមហ៊ុន ស្មាត អាស្យាតា ខូ អិលធីឌី ត្រូវផ្តល់សំណងនៃការខូចខាត ដល់ម្ចាស់ដើមចំពោះការប្រព្រឹត្ត ខុសនឹងនីតិវិធីក្នុងការបិទលេខទូរសព្ទ ពីអតិថិជនដែលកំពុងប្រើប្រាស់។

៣.ម្ចាស់ដើមមានសិទ្ធិទទួលបាន លេខទូរសព្ទនោះមកប្រើប្រាស់វិញ។

៤.រាល់បុគ្គលពាក់ព័ន្ធ នឹងករណីខាងលើនេះ នឹងត្រូវទទួលខុសត្រូវ ចំពោះមុខច្បាប់ជាធរមាន។

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក៏បានរំលឹកដល់ប្រតិបត្តិករ ផ្តល់សេវាទូរសព្ទចល័តទាំងអស់ ត្រូវពង្រឹង ការគ្រប់គ្រងនិងនីតិវិធី នៃការចែកចាយនិងលក់ស៊ីមកាតទូរសព្ទចល័ត ឱ្យបានត្រឹមត្រូវជូនអតិថិជនរបស់ខ្លួន ជៀសវាង មានករណីបែបនេះកើតឡើង។ ក្រសួងប្រៃសណីយ៍ នឹងបន្តតាមដាននិងចាត់វិធានការយ៉ាងតឹងរ៉ឹង បំផុត ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ចំពោះប្រតិបត្តិករផ្តល់សេវា ទូរសព្ទចល័តណា ដែលបាន ប្រព្រឹត្តខុស៕

LEAVE A REPLY

Please enter your comment!
Please enter your name here