បង្ក្រាបទីតាំងអាជីវកម្មរ៉ែខុសច្បាប់ នៅស្រុកថាឡាបរិវ៉ាត់ ចាប់ខ្លួនមនុស្សជាង១០នាក់

0
9

ភ្នំពេញ៖ កម្លាំងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង បើកប្រតិបត្តិការបង្ក្រាបទីតាំងធ្វើអាជីវកម្មរ៉ែខុសច្បាប់ចាប់ខ្លួនមនុស្ស១៥នាក់។

ការបង្ក្រាបនេះបានធ្វើឡើងនៅចំណុចភូមិអន្លុងស្វាយ ឃុំអូររៃ និងភូមិចម្ការលើ ឃុំចម្ការលើ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ដោយចាប់ខ្លួនបានមនុស្សសរុប១៥នាក់ជាបន្ដបន្ទាប់ និងម៉ាស៉ីនខួងធុនធំជាច្រើនគ្រឿង នៅថ្ងៃទី២៤-២៥ ខែកក្កដា ឆ្នាំ២០២១។

សេចក្ដីរាយការណ៍ បានបញ្ជាក់ថា ប្រតិបត្តិការនេះធ្វើឡើងរយៈពេល២ថ្ងៃជាប់គ្នា ដោយនៅថ្ងៃទី២៤ ខែកក្កដាម្សិលមិញ បង្ក្រាបនៅភូមិអន្លុងស្វាយ ឃុំអូររៃ ស្រុកថាឡាបរិវ៉ាត់ ចាប់ខ្លួនមនុស្សបាន៧នាក់ ដែលជនល្មើសបានកំពុងធ្វើសកម្មភាពបើកការដ្ឋានខួងអណ្តូងរករ៉ែចំនួន៣កន្លែង។ ដោយឡែក នៅថ្ងៃទី២៥ ខែកក្កដានេះ ចំណុចភូមិចម្ការលើ ឃុំចម្ការលើ ឃាត់ខ្លួនជនសង្ស័យចំនួន៨នាក់។

សមត្ថកិច្ចបានអះអាងថា ទីតាំងនេះបានធ្វើអាជីវកម្មរ៉ែដោយលួចលាក់ និងដាក់ម៉ាស៊ីនខួងដើម្បីយករ៉ែ ដោយគ្មានច្បាប់អនុញ្ញាត។ នៅពេលសមត្ថកិច្ចចុះបង្ក្រាប គេសង្កេតឃើញមានបក្ខពួកផ្សេងទៀតរបស់ក្រុមជនល្មើសទាំងអស់ រត់ខ្វែងខ្វាត់ដើម្បីអន្ដរាគមន៍ចំពោះអំពើល្មើសច្បាប់នេះផងដែរ។

ប៉ុន្ដែទោះជាយ៉ាងណា ពាក់ព័ន្ធករណីនេះ លោក ជេត ខេមរា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត បានបញ្ជាឲ្យកម្លាំងអាវុធហត្ថខេត្តស្ទឹងត្រែង បន្តរុករកម៉ាស៊ីនខួង និងសម្ភារបម្រើឲ្យមធ្យោបាយបទល្មើសខុសច្បាប់បន្ថែមទៀតផងដែរ ព្រមទាំងកសាងសំណុំរឿងបញ្ជូនទៅតុលាការផ្ដន្ទាទោសតាមច្បាប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here