ក្រសួងស្នើអភិបាលរាជធានី-ខេត្តអនុវត្តយុទ្ធនាការអប់រំ ផ្សព្វផ្សាយ និង បណ្តុះបណ្តាលពលរដ្ឋឱ្យយល់ដឹងអំពីគ្រោះថ្នាក់នៃមេរោគកូវីដ១៩

0
9

ភ្នំពេញ៖ លោក ម៉ម ប៊ុនហេងរដ្ឋមន្ត្រីក្រសួង សុខាភិបាល បានស្នើទៅកាន់អភិបាលរាជធានី-ខេត្ត អនុវត្តយុទ្ធនាការអប់រំ ផ្សព្វផ្សាយ និងបណ្តុះបណ្តាលប្រជាពលរដ្ឋឱ្យបានយល់ដឹងអំពីគ្រោះថ្នាក់នៃមេរោគកូវីដ១៩ ព្រមទាំងផ្លាស់ប្ដូរឥរិយាបថដើម្បីរៀនរស់នៅជាបណ្តើរៗជាមួយនឹងវីរុស កូវីដ-១៩ តាមគន្លងប្រកតីភាពថ្មីឱ្យបានត្រឹមត្រូវ។

យោងតាមលិខិតជម្រាបទៅកាន់អភិបាលរាជធានី-ខេត្តនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១នេះ លោក ម៉ម ប៊ុនហេង បានគូសរំលេចថា ស្ថានភាពរាតត្បាតនៃជំងឺកូវីដ១៩ កំពុងឈានទៅរកការឆ្លងរីករាលដាលទ្រង់ទ្រាយធំនៅក្នុងសហគមន៍ដែលនឹងបង្កជាមហន្តរាយធំដល់ប្រព័ន្ធសុខាភិបាល ធ្វើឱ្យបាត់បង់អាយុជីវិតប្រជាជន រួមទាំងផលវិបាកសង្គម និងសេដ្ឋកិច្ចធ្ងន់ធ្ងរ។ ជាពិសេសការមកដល់នៃវីរុសបំប្លែងថ្មីប្រភេទដែលតា (Delta) ដែលមានសមត្ថភាពឆ្លងរីករាលដាលលឿនជាងមុន និងបង្ករជាជំងឺកូវីដ១៩ ធ្ងន់ធ្ងរជាងមុន ដែលទាមទារឱ្យមានការ ប្រឹងប្រែងខ្លាំងបំផុតក្នុងដំណាក់កាលនេះដើម្បីកាត់ផ្តាច់ខ្សែចម្លងជំងឺកូវីដ-១៩ និងទប់ស្កាត់ការធ្លាយចូលក្នុង សហគមន៍នូវវីរុសកូវីដ-១៩ ប្រភេទដែលតា។

លោកបន្តថា គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូដ-១៩ (គ្របក) ចាត់ទុកថាការចូលរួមប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ពីសំណាក់បុគ្គលម្នាក់ៗ គ្រួសារនីមួយៗ សហគមន៍ ព្រមទាំងស្ថាប័ន និងវិស័យ ឯកជន ក្នុងការអនុវត្តវិធានការបង្ការ និងការពារខ្លួនពីមេរោគកូវីដ-១៩ គឺជាកត្តាគន្លឹះដ៏សំខាន់ក្នុងការកាត់បន្ថយ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

លោករដ្ឋមន្ត្រីបញ្ជាក់ថា «ដូច្នេះដើម្បីទាក់ទាញប្រជាពលរដ្ឋឱ្យបង្កើនការយកចិត្តទុកដាក់ខ្ពស់ឡើងវិញ ក្នុងការប្រកាន់ខ្ជាប់នូវវិធានការសុវត្ថិភាពផ្នែកសុខាភិបាល ជាពិសេសវិធាន “៣ការពារ និង៣កុំ» ការបើកយុទ្ធនាការទូទាំងប្រទេសដើម្បី អប់រំ ផ្សព្វផ្សាយ និងបណ្តុះបណ្តាលប្រជាពលរដ្ឋឱ្យយល់ដឹងអំពីគ្រោះថ្នាក់នៃ វីរុសកូវីដ-១៩ ដែលនៅបន្តមានជាប់ជាប្រចាំព្រមទាំងផ្លាស់ប្ដូរឥរិយាបថដើម្បីរៀនរស់នៅជាបណ្តើរៗជាមួយនឹង វត្តមាននៃវីរុសកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មីឱ្យបានត្រឹមត្រូវ គឺជាសកម្មភាពយុទ្ធសាស្ត្រដ៏សំខាន់បំផុត”៕

LEAVE A REPLY

Please enter your comment!
Please enter your name here