បញ្ជូនមេខ្យល់សកម្ម ខាងនាំមនុស្សឆ្លងដែនខុសច្បាប់២នាក់ ទៅតុលាការ

0
9

ភ្នំពេញ៖ ជនសង្ស័យជាមុខសញ្ញាមេខ្យល់នាំមនុស្សឆ្លងដែនដោយខុសច្បាប់ ត្រូវបានកម្លាំងនគរបាលប្រឆាំងការជួញដូរមនុស្សនិងការពរអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ឃាត់ខ្លួន និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១។

នគរបាលក្រុងប៉ោយប៉ែតបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ឡូញ លេម ភេទប្រុស អាយុ២០ឆ្នាំ ស្នាក់នៅភូមិចាន់គីរី សង្កាត់និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងឈ្មោះ សែន សំនាង ហៅកែ ភេទប្រុស អាយុ៣៥ឆ្នាំ ស្នាក់នៅភូមិប្រជាធម្មកើត សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ជនទាំង២នាក់នេះត្រូវបានកម្លាំងនគរបាលវរសេនាតូចការពារព្រំដែនគោកលេខ៩១១ បានឃាត់ខ្លួនពីបទនាំមនុស្សឆ្លងដែនដោយមិនស្របច្បាប់ នៅចំណុចមាត់អូរព្រំដែនម្តុំកាស៊ីណូ ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត រួចប្រគល់ឲ្យនគរបាលជំនាញនៃអធិការដ្ឋាន នគរបាលក្រុងប៉ោយប៉ែត នៅវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី២៤ខែកក្កដា ឆ្នាំ២០២១។

ប្រភពបន្តថា បន្ទាប់ពីឃាត់ខ្លួន កម្លាំងបានកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តចាត់ការបន្តតាមនីតិវិធីច្បាប់ តាមបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត និងមានការសម្របសម្រួលនីតិវិធីពីឯកឧត្តម កើត សុវណ្ណារ៉េត ព្រះរាជអាជ្ញាអសាលាដំបូងខេត្តបន្តាយមានជ័យ។

បើតាមរបាយការណ៍របស់វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៩១១ បានបញ្ជាក់ថា ជនសង្ស័យទាំង២នាក់នេះ ជាមុខសញ្ញាយ៉ាងសកម្មក្នុងករណីនាំមនុស្សឆ្លងដែនដោយខុសច្បាប់។

លោកវរសេនីយ៍ឯកនាយការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ជនសង្ស័យឈ្មោះឡូញ លេម និងឈ្មោះសែន សំណាងហៅកែ ត្រូវបានរៀបចំសំណុំរឿងបញ្ជូនខ្លួនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here