បង្កាត់ភ្លើងដាំបាយមិនប្រយ័ត្ន បង្កឲ្យភ្លើងឆាបឆេះផ្ទះអស់ទាំងស្រុង

0
12

ភ្នំពេញ៖ អគ្គីភ័យបានឆាបឆេះ ផ្ទះ១ខ្នងទាំងស្រុង មានទំហំ៥ គុណ ៦ម៉ែត្រ ធ្វើអំពីឈើប្រក់ស័ង្កសី ជញ្ជាំងស្លឹកដូង ​រួមទាំងសម្ភារៈនិងទ្រព្យសម្បត្តិមួយចំនួន ចំណែកម្ចាស់ផ្ទះរលាកភ្លើងរងរបួសយ៉ាងដំណំផងដែរ។

ហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលនេះ បាន កើតឡើងនៅវេលាម៉ោង១១ និង៣០នាទី យប់ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១ នៅភូមិតាម៉ៅ ឃុំសឿ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។

នគរបាលប៉ុស្តិ៍រដ្ឋបាលឃុំសឿ បានឲ្យដឹងថា ម្ចាស់ផ្ទះឈ្មោះ វាំង ធី ភេទប្រុស អាយុ៥៧ឆ្នាំ ភូមិតាម៉ៅ ឃុំសឿ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។ ម្ចាស់ផ្ទះជាមនុស្សញៀនស្រា ហើយរស់នៅតែម្នាក់ ឯងចំណែកប្រពន្ធមិនបានរស់នៅជាមួយទេ ទៅនៅខេត្តផ្សេង ។

ប្រភពដដែលបានបញ្ជាក់ថា នៅមុនពេលកើតហេតុជនរងគ្រោះជាម្ចាស់ផ្ទះ បានបង្កាត់ភ្លើង ដាំបាយហូប ប៉ុន្តែដោយស្រវឹងខ្លាំងពេលកេះដែកកេះបង្កាត់ភ្លើងក៏ជ្រុលទៅប៉ះ នឹងជញ្ជាំងស្លឹកដូងបណ្តាលឲ្យឆាបឆេះតែម្តង គ្មានអ្នកណាមកជួយអន្តរាគមន៍បានទាន់ ព្រោះផ្ទះនៅដាច់ឆ្ងាយ ម្ចាស់ផ្ទះក៏រងរបួសធ្ងន់ដោយរលាកភ្លើងត្រូវស្បែកដៃ ខ្នងនិងក្បាល ដោយស្រវឹងខ្លាំងពេលផ្ទះត្រូវភ្លើងឆេះរត់មិនរួច ជនរងគ្រោះត្រូវអាជ្ញាធរ នគរបាលមូលដ្ឋាន បានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត មិត្តភាពកម្ពុជា ជប៉ុន នៅស្រុកមង្គលបូរីភ្លាម ។ចំណែកសម្ភារៈនិងទ្រព្យសម្បត្តិក្នុងផ្ទះឆេះអស់អង្ករមួយការ៉ុង ចានឆ្នាំងភួយមុង សរុបជាទឹកប្រាក់ចំនួន ២.៥០០ .០០០រៀល៕

LEAVE A REPLY

Please enter your comment!
Please enter your name here