កម្ពុជាស្នើថៃផ្ដល់ឯកសារផ្លូវការ ទាក់ទងការសង់ប្រាសាទ

0
7

ភ្នំពេញ៖ លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានស្នើដល់ភាគីថៃ ឱ្យជួយសហការក្នុងការផ្តល់ព័ត៌មានជាក់លាក់ និងឯកសារផ្លូវការ ស្តីពីគម្រោងនៃការសាងសង់ប្រាសាទថ្មនៅខេត្តបុរីរ៉ាំ។

លោកស្រីបានស្នើបែបនេះនាជំនួប ពិភាក្សាការងារជាមួយលោកPanyarak Poolthup ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រថៃ ប្រចាំកម្ពុជា កាលពីថ្ងៃទី៤
ខែសីហា ឆ្នាំ២០២១ ។

នាឱកាសនោះ កិច្ចពិភាក្សា ក៏បានលើកឡើងផងដែរពីករណីព័ត៌មានស្តីពីគម្រោងនៃការសាងសង់ប្រាសាទថ្មនៅខេត្តបុរីរ៉ាំ ដែលបណ្តាញសង្គម និង សារព័ត៌មានផ្សព្វផ្សាយ ថាមានការចម្លងតាមនៃស្ថាបត្យកម្មប្រាសាទអង្គរវត្ត។ ព័ត៌មាននេះ ត្រូវបានសាធារណមតិនៃប្រទេសទាំងពីរ មានប្រតិកម្មយ៉ាងផុសផុល និងពុះកញ្ជ្រោល។

ក្នុងន័យនេះ លោកស្រីរដ្ឋមន្រ្តី បានស្នើដល់ភាគីថៃ ឱ្យជួយសហការក្នុងការផ្តល់ព័ត៌មានជាក់លាក់ និងឯកសារផ្លូវការ ស្តីពីគម្រោងនៃការសាងសង់ប្រាសាទថ្មនៅខេត្តបុរីរ៉ាំនេះ ដើម្បីឲ្យភាគីកម្ពុជាមានមូលដ្ឋានក្នុងការពិនិត្យ សម្រេចនូវវិធាននានាបន្ត សំដៅបញ្ចៀសនូវផលអវិជ្ជមានណាមួយដែលអាចកើតឡើងនិងប៉ះពាល់ដល់ទំនាក់ទំនងនៃប្រទេសទាំងពីរ។

លោកឯកអគ្គរាជទូតថៃ បានទទួលយកសំណើ និងសន្យាឆ្លើយតបតាមការស្នើសុំរបស់ភាគីកម្ពុជាក្នុងស្មារតីសហការដ៏ជ្រាលជ្រៅ។

ជាមួយគ្នានេះដែរ ក្នុងនាមជាប្រធានគណៈកម្មការជាតិយូណេស្កូកម្ពុជា លោកស្រីរដ្ឋមន្រ្តី ក៏បានចូលរួមអបអរសាទរ ចំពោះការចុះបញ្ជី ព្រៃ Kaeng Krachan របស់ថៃក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។

សូមរំលឹកថា កាលពីថ្ងៃ៥ កក្កដា កន្លងមកនេះ នៅលើមបណ្តាញ សង្គមហ្វេសប៊ុក មានការបង្ហោះព្រោងព្រាត បង្ហាញពីភាគីថៃ មានគម្រោងសាងសង់ ប្រាសាទអង្គរវត្តទី២ ឬប្រាសាទដែលគេប្រសិទ្ធនាមថា ប្រាសាទសីហនគរ ។ ប្រាសាទអង្គរវត្តទី២ បានប្រារព្ធពិធីបុកគ្រឹះលើកដំបូង របស់ខ្លួននៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១ ក្នុង បរិវេណវត្តភូម៉ានហ្វា ផាយ៉ាឆាងរ៉ង ភូមិបានណងបួរ៉ាយ ឃុំបានសិង្គ ស្រុកនាងរ៉ង ខេត្តបុរីរម្យ ដោយកំណត់ថា នឹងបញ្ចប់ការសាងសង់ នៅរវាង ៧ទៅ៨ឆ្នាំទៀត ។ បន្ទាប់មកក្រសួងវប្បធម៌ បានចាត់មន្រ្តីចុះស្រាវជ្រាវ ករណីនេះ ដោយលទ្ធផលបង្ហាញថា ព្រះចៅអធិការវត្ត ភូម៉ានហ្វា អះអាងថា យកតាមរចនាបថ និង គូសប្លង់ដោយវិស្វករថៃទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here