ភ្នំពេញ÷ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសរកឃើញអ្នកចាក់វ៉ាក់សាំងទី៨លាន ជាស្ត្រីមានអាយុ៥៦ឆ្នាំជនជាតិខ្មែរឡាវ រស់នៅស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។
តាមរយ:ហ្វេសប៊ុកនាយប់ថ្ងៃទី១០ ខែសីហានេះសម្ដេចបានឲ្យដឹងថា “នៅថ្ងៃនេះកម្ពុជាយើងបានចាក់វ៉ាក់សាំងការពារកូវីដ-១៩ ដូសទី១បាន៨លាននាក់រួចហើយ គឺស្មើនឹង៨០% នៃប្រជាពលរដ្ឋ១០លាននាក់ដែលត្រូវចាក់វ៉ាក់សាំងដោយមិនទាន់គិតពីកុមារនិងយុវវ័យ ដែលបាននិងកំពុងចាក់ព្រមទាំងបងប្អូនដែលបាននិងកំពុងចាក់ដូសទី៣។ ដំណើរឆ្ពោះទៅរក១០លាននាក់នៅមិនឆ្ងាយពីយើងនោះទេដែលធ្វើឱយយើងសម្រេចការងារមុនការកំណត់៧ទៅ៨ខែប្រៀបជាមួយផែនការដើមរបស់យើង។ លេខរៀងទី៨លានគឺបានទៅលើប្អូនស្រីឈ្មោះថឹង ថាអាយុ៥៦ឆ្នាំជនជាតិខ្មែរឡាវ រស់នៅភូមិដនឡុង ឃុំសេកុង ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។ ខ្ញុំសូមអបអរសាទរចំពោះជ័យលាភីទី៨លានដែលបានចាក់វ៉ាក់សាំងJohnson &Johnsonដែលជាជំនួយរបស់សហរដ្ឋអាមេរិក”។
សម្ដេចបន្តថា លោកស្រី ឱ វណ្ណឌីន នឹងនាំយកជំនួយថវិកា១០លានរៀលព្រមទាំងសម្ភារៈផ្សេងៗទៀតទៅប្រគល់ជូនដោយផ្ទាល់។
ជាមួយគ្នានោះដែរ សម្ដេចនាយករដ្ឋមន្ត្រីក៏បានជូនពរបងប្អូនជនរួមជាតិសូមជួបតែសេចក្តីសុខសេចក្តីចម្រើននិងចៀសផុតពីជំងឺកូវីដ-១៩ដោយខិតខំការពារខ្លួនតាមរយៈវិធានការ(៣ការពារនិង៣កុំ)៕















