ភ្នំពេញ៖ កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ មានករណីផ្ទុះមីនតោន នៅភូមិថ្មី ឃុំកន្ទឺ១ ស្រុកបាណន់ ខេត្តបាត់ដំបង ហេតុការណ៍គ្រោះថ្នាក់នេះ បានបណ្តាលឱ្យរងរបួសមនុស្សចំនួន ២នាក់ នៅពេលដែលជនរងគ្រោះ កំពុងបើកបរម៉ាស៊ីនច្រូតស្រូវ។
ជនរងគ្រោះទាំងពីរនាក់ ត្រូវបានក្រុមគ្រួសារបញ្ជូន មកព្យាបាលនៅមន្ទីរពេទ្យក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ជាមួយគ្នានោះតាមរយៈ បណ្ដាញសង្គមហ្វេសប៊ុក អាជ្ញាធរមីន បានអំពាវនាវដល់បងប្អូន ប្រជាពលរដ្ឋទាំងអស់ត្រូវ សាកសួរអាជ្ញាធរមូលដ្ឋាន ឬអ្នកដែលដឹងច្បាស់អំពីព័ត៌មាន មុនពេលប្រើប្រាស់គ្រឿងចក្រ ធុនធ្ងន់រុករានដីដែលមិនទាន់ បានធ្វើការបោសសម្អាតមីន និងសូមកុំប៉ះពាល់នៅពេលឃើញ គ្រាប់ទាំងនោះហើយត្រូវរាយការណ៍ ជាបន្ទាន់ដល់អាជ្ញាធរមានសមត្ថកិច្ច និងប្រតិបត្តិករបោសសម្អាតមីន ដែលនៅជិតទីនោះ ដើម្បីយកគ្រាប់ទាំងនោះទៅកំទេចចោល៕