រដ្ឋមន្រ្តីកសិកម្ម ប្រាប់អ្នកនាំចេញផ្លែមៀនប៉ៃលិន គួរបង្វែរទិសដៅ ពីថៃទៅវៀតណាម

0
12

ភ្នំពេញ៖ ស្របពេលដែលប្រទេសថៃ កំពុងជួបវិបត្តិធ្ងន់ធ្ងរ ពីការឆ្លងរាតត្បាតនៃជំងឺកូវីដ១៩ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានប្រាប់អ្នកនាំចេញផ្លែមៀនប៉ៃលិន គួរបង្វែរទិសដៅពីប្រទេសថៃ ទៅប្រទេសវៀតណាមវិញម្តង ដោយសារថៃ កំពុងបិទច្រកព្រំដែន ។

តាមរយៈសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងកសិកម្ម កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ បានឲ្យដឹងថាបច្ចុប្បន្នផ្លែមៀនប៉ៃលិន បានចាប់ផ្តើមប្រមូលផលក្នុងខែសីហានេះ ប៉ុន្តែដោយសារបញ្ហា រីករាលដាលនៃជំងឺកូវីដ-១៩ និងរបាំងភូតគាម អនាម័យ ជាកត្តាធ្វើឲ្យមានបញ្ហាប្រឈមមិនទាន់អាច ធ្វើការនាំចេញទៅកាន់ទីផ្សារក្រៅប្រទេសបាន ពិសេសប្រទេសថៃ កំពុងបិទមិនឲ្យនាំចូលមៀន ប៉ៃលិនតាមច្រកព្រំដែន។

ក្រសួងបន្ដថា ម្យ៉ាងទៀត ផ្លែមៀនប៉ៃលិនជាប្រភេទទំនិញ ជាប់កម្រិតកំណត់ ដែលតម្រូវឲ្យសមត្ថកិច្ច ភូតគាមអនាម័យកម្ពុជា ធ្វើសំណើសុំចរចាបើកទីផ្សារ ជាមួយសមត្ថកិច្ចភូតគាមអនាម័យ ប្រទេសនាំចូល តាមរយៈការស្នើសុំវាយ តម្លៃហានិភ័យសមាសភាព ពាក់ព័ន្ធនឹងការនាំចូលផ្លែមៀនប៉ៃលិននេះ។ ជាក់ស្តែង ក្រសួងបានដាក់សំណើ ចរចាបើកទីផ្សារ សម្រាប់ផ្លែមៀនស្រស់ ទៅកាន់ប្រទេសចិន និងប្រទេសថៃ រួចហើយ។

ក្រសួងបញ្ជាក់ថា «ក្នុងគោលបំណង ដើម្បីចូលរួមចំណែកដោះស្រាយ បញ្ហាទីផ្សារផលិតផលមៀនប៉ៃលិន ដែលកំពុងប្រឈមនឹងរបាំង ភូតគាមអនាម័យ និងបញ្ហាប្រឈមនានា បង្កឡើងដោយការឆ្លងរាតត្បាត នៃជំងឺកូវីដ-១៩ ក្រសួង សូមធ្វើការអំពាវនាវ អ្នកនាំចេញគួរបង្វែរ ទិសដៅពីប្រទេសថៃ ទៅប្រទេសវៀតណាមវិញ ពីព្រោះកម្ពុជាបានបើកទីផ្សារ សម្រាប់ផ្លែមៀននេះរួចហើយ តាមរយៈការសម្រេចបាននូវការឯកភាពគ្នា លើលក្ខខណ្ឌតម្រូវភូតអនាម័យ សម្រាប់ការនាំចេញផ្លែមៀនកម្ពុជា ទៅកាន់ប្រទេសវៀតណាម»។

ក្រសួង ក៏បានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋគួររួមគ្នា គាំទ្រផលិតផលខ្មែរ ក្រោមរូបភាព «ខ្មែរជួយខ្មែរ» ដោយជួយទិញផ្លែមៀនរបស់ប្រជាកសិករ ពិសេសសហគមន៍កសិកម្ម មៀនប៉ៃលិន នៅក្នុងកាលៈទេសៈ ដ៏លំបាកនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here