សម្ដេចតេជោ៖ ក្រោយទឹកស្រកអស់ អាជ្ញាធរពាក់ព័ន្ធ ត្រូវចុះវាយតម្លៃជាបន្ទាន់ ពីផលប៉ះពាល់ ដោយជំនន់ទឹកភ្លៀង

0
13

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំឲ្យអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ក្រោយទឹកស្រកទៅវិញអស់ ត្រូវចុះវាយតម្លៃផលប៉ះពាល់ ការខូចខាតផលដំណាំ និងត្រៀមលក្ខណៈ បញ្ចេញពូជស្រូវ និងពូជដំណាំផ្សេងៗពីសន្និធិនៃប្រព័ន្ធស្បៀងបម្រុងកម្ពុជា សម្រាប់កិច្ចអន្តរាគមន៍ស្តារ ការខូចខាតឡើងវិញតាមស្ថានភាពជាក់ស្តែង ដើម្បីធានាដល់ការផ្គត់ផ្គង់ស្បៀង ជូនប្រជាកសិករឱ្យបានគ្រប់គ្រាន់។

ក្នុងឱកាសចុះជួបសួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋ ១ម៉ឺនគ្រួសារ ដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀង ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២១ តុលានេះ សម្ដេចតេជោ ហ៊ុន សែន
បញ្ជាក់ថា « បន្ទាប់ពីទឹកសម្រក ត្រូវខិតខំជួយដឹកជញ្ជូន ប្រជាពលរដ្ឋទៅកាន់ទីកន្លែងវិញ បន្ទាប់មកត្រូវវាយតម្លៃជាបន្ទាន់ នូវការខូចខាតតើមានចំនួនប៉ុន្មាន ហើយត្រូវការពូជអ្វីខ្លះ ពូជស្រូវប៉ុន្មាន ពូជបន្លែបង្ការប៉ុន្មាន ពូជដំណាំដ៏ទៃទៀតប៉ុន្មាន នេះគឺជាការវាយតម្លៃជា ជំហានតាមក្រោយជាបន្តបន្ទាប់ទៀត»។

សម្តេចតេជោ បានសម្តែងការសោកស្ដាយចំពោះ ប្រជាពលរដ្ឋដែលរងគ្រោះ និងចូលរួមរំលែកមរណទុក្ខ ចំពោះពលរដ្ឋដែល បាត់បង់ជីវិតដោយជំនន់ទឹកភ្លៀង ទូទាំងប្រទេសសរុបចំនួន ៣៤នាក់ ដែលក្នុងនោះ ខេត្តបន្ទាយមានជ័យច្រើនជាងគេ។

សូមរំលឹកថា រាជធានី-ខេត្ត ចំនួន១៩ ដែលបានរងផលប៉ះពាល់ ដោយជំនន់ទឹកភ្លៀង រួមមាន៖ ខេត្តពោធិ៍សាត់ ,ប៉ៃលិន ,ភ្នំពេញ ,បាត់ដំបង ,ស្វាយរៀង ,ឧត្តមមានជ័យ ,សៀមរាប ,តាកែវ ,កំពង់ស្ពឺ ,មណ្ឌលគិរី ,ព្រះសីហនុ ,កោះកុង ,ព្រះវិហារ ,ស្ទឹងត្រែង ,កំពង់ចាម ,កណ្ដាល ,កំពង់ឆ្នាំង កំពង់ធំ និងខេត្តបន្ទាយមានជ័យ កំពុងរងផលប៉ះពាល់ច្រើនជាងគេ។

សូមបញ្ជាក់ផងដែរថា លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទធ្លាប់លើកឡើងថា បច្ចុប្បន្ននេះក្រសួងនៅសល់ ពូជស្រូវប្រមាណជា ១៨០០តោន និងពូជបន្លែប្រមាណជា ១៦តោន ដើម្បីជួយគាំទ្រក្នុងការស្តារឱ្យប្រសើរឡើងវិញ នូវការបង្កបង្កើនផល ពេលទឹកចាប់ផ្តើមស្រកទៅវិញ ដើម្បីជួយលើកកម្ពស់ជីវភាពរបស់បងប្អូនឱ្យកាន់ តែប្រសើរឡើង។

លោករដ្ឋមន្ត្រីគូសបញ្ជាក់យ៉ាងដូច្នេះថា «យើងបានរៀបចំបណ្តាញដែលមានជំនាញ តាមរយៈគម្រោងនានាត្រូវពិនិត្យមើលផងដែរ ថាតំបន់ណាដែលអាច បន្តធ្វើការដាំដុះស្រូវក្នុងរយៈពេលខ្លី ២ទៅ៣ខែ ពិសេស ឬតំបន់ នោះគួរប្រើពូជអ្វីបានខ្លះ ដើម្បីឱ្យប្រជាជនមានលទ្ធភាព អាចស្តារឡើងវិញ នូវជីវភាព របស់ពួកគាត់។ បច្ចុប្បន្ននេះគឺក្រសួងបាននៅសល់ពូជស្រូវ ប្រមាណជា ១៨០០តោន ដោយក្នុងមួយឆ្នាំយើងបានត្រៀមពូជស្រូវ ២ពាន់ ដោយយើងបានប្រើប្រាស់អស់ ជាង២០០តោន សម្រាប់គ្រោះរាំងស្ងួតកន្លងទៅនេះ។ ហើយពូជស្រូវដែលនៅសល់ ១៨០០តោននេះ យើងនឹងត្រៀមចែកចាយទៅតាម បណ្តាខេត្តគោលដៅនានា ដើម្បីជួយធ្វើការស្តារឱ្យប្រសើរឡើងវិញ ដោយក្នុងនោះ ក៏យើងនៅសេសសល់ពូជបន្លែប្រមាណជា ១៦តោនផងដែរ»៕

LEAVE A REPLY

Please enter your comment!
Please enter your name here