ភ្នំពេញ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានបញ្ជាក់ថា បុគ្គលមួយចំនួននៅតែមានការយល់ច្រឡំ ចំពោះការចាក់វ៉ាក់សាំងកូវីដ-១៩រួចហើយ លែងឆ្លងកូវីដ-១៩ លោកជំទាវថ្លែងថា សូមកុំមានការយល់ច្រឡំទៀត ការចម្លងវីរុសកូវីដ-១៩នៅកម្ពុជានៅតែមាន បើទោះបីបុគ្គលម្នាក់ៗបានទទួលវ៉ាក់សាំងការពារកូវីដ-១៩រួចហើយក្តី។
ថ្លែងក្នុងសន្និសីទសារព័ត៌មាន យុទ្ធនាការ រួមគ្នាទទួលខុសត្រូវ ទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ លោកស្រីបានលើឡើងថា បើសិនបុគ្គលម្នាក់ៗ នៅតែមានការជួបជុំគ្នា បរិភោគអាហាររួមគ្នា នៅកន្លែងបិទជិត និងចង់ធ្វើដំណើរទៅធ្វើការងារផ្សេងៗ ដោយមិនអនុវត្តវិធានការសុខាភិបាល កត្តាទាំងនេះវានឹងបង្កឲ្យផ្ទុះឡើងការចម្លងវីរុសកូវីដ-១៩ ពីមនុស្សម្នាក់ទីកាន់មនុស្សម្នាក់ទៀតជាក់ជាមិនខាន។
លោកស្រី បានបញ្ជាក់បន្ថែមថា បុគ្គលគ្រប់រូបត្រូវគិតគូរពីសុខភាព និងចេះទទួលខុសត្រូវសុខភាព ដោយខ្លួនឯង នឹងរួមទទួលខុសត្រូវជាមួយ អាជ្ញាធរមូលដ្ឋាន តាមរយៈការចូលរួមអនុវត្តវិធានការសុខាភិបាល នោះយើងនឹងអាចកាត់ផ្តាច់ ខ្សែចម្លងវីរុសកូវីដ-១៩ ពីមនុស្សម្នាក់ទៅកាន់មនុស្សម្នាក់ គ្រួសារ និងសហគមន៍ទាំងមូលជាក់ជាមិនខាន៕