សង្ស័យងងុយដេក! បើករថយន្តកុងតឺន័របុករូបសំណាក រង្វង់មូលនាគព័ន្ធ ក្រុងស្វាយរៀងខ្ទេចទាំងស្រុង

0
14

ភ្នំពេញ៖ មានការភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរព្រមទាំងសមត្ថកិច្ច ទាំងយប់ ខណ:មានគ្រោះថ្នាក់ ចរាចរណ៍គួរឱ្យរន្ធត់មួយបានកើតឡើងដោយសារតែមានរថយន្តកុងតឺន័រមួយគ្រឿងសង្ស័យអ្នកបើកងងុយដេកបានជ្រុលចង្កូតទៅបុករូបសំណាកនាគព័ន្ធដែលមានសរសេរពាក្យស្លោកថា ខេត្តស្វាយរៀងសូមស្វាគមន៍ បណ្ដាលឲ្យខូចខ្ទេចខ្ទីទាំងស្រុង តែសំណាងដែរដែល មិនមានមនុស្សរងរបួស។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងជាង៨យប់ថ្ងៃទី១៦ខែសីហាឆ្នាំ២០២១ស្ថិតនៅលើដងផ្លូវជាតិលេខ១ ត្រង់ចំណុចខាងមុខមន្ទីរអប់រំ យុវជននិងកីឡាខេត្តស្វាយរៀង ក្នុងក្រុងស្វាយរៀង។

បើតាមអ្នកភូមិបានឱ្យដឹងថា មុនកើតហេតុមានរថយន្តកុងតឺន័រមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ 3C-0630 លេខកន្ទុយរ៉ឺម៉កភ្នំពេញ 4A-1592 បើកពីទិសខាងលិចទៅទិសខាងកើត លើដងផ្លូវជាតិ លេខ១ លុះបើកមកដល់ត្រង់ចំណុចខាងមុខមន្ទីរអប់រំ យុវជននិងកីឡា ខេត្តស្វាយរៀង ស្ថិតក្នុងក្រុងស្វាយរៀង ក៏បានជ្រុលចង្កូតទៅបុករូបសំណាកនាគព័ន្ធ ដែលមានសរសេរពាក្យថា ខេត្តស្វាយរៀងសូមស្វាគមន៍ បណ្ដាលឱ្យខូចខ្ទេចខ្ទីទាំងស្រុងបង្កការភ្ញាក់ផ្អើលតែម្ដង។

ប្រភពបានឱ្យដឹងទៀតថា មូលហេតុដែលបង្កឱ្យមានគ្រោះថ្នាក់ខាងលើសង្ស័យទី១-មកពីទីកន្លែង នេះ មានសភាពងងឹត, ទី២-អាចបណ្ដាលមកពីអ្នកបើកបររថយន្តខាងលើមិនស្គាល់ភូមិសាស្ត្រ ច្បាស់លាស់, ទី៣- សង្ស័យអ្នកបើករថយន្តធ្វេសប្រហែស និងទី៤-សង្ស័យអ្នកបើកបរមាន ជាតិស្រវឹងក្នុងខ្លួន។ចំណែកអ្នកបើកបររថយន្តបង្កខាងលើក្រោយឃើញសភាពការណ៍មិនស្រួលក៏បានរត់គេចខ្លួនបន្សល់ទុករថយន្តនៅនឹងកន្លែង។

ក្រោយកើតហេតុមកសមត្ថកិច្ចនគរបាលបានមកដល់ធ្វើការស្ទួចយករថយន្តយកទៅទុកនៅការិយាល័យនគរបាលចរាចរណ៍ខេត្តដើម្បីដោះស្រាយពេលក្រោយតាមច្បាប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here