ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ឲ្យដឹងនៅថ្ងៃទី១៧សីហាឆ្នាំ២០២១ថា ចាប់ពីថ្ងៃទី១៨ដល់២៤សីហាតំបន់មួយចំនួន នឹងមានភ្លៀងធ្លាក់ពីតិចទៅបង្គួរ។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធាននៅថ្ងៃទី១៧ សីហានេះ បានឲ្យដឹងថា ព្រះរាជាណាចក្រកម្ពុជា ទទួលឥទ្ធិពលពីជ្រលងសម្ពាធទាបឥណ្ឌា និងខ្យល់មូសុងនិរតីខ្សោយ ស្ថានភាពបែបនេះនឹងធ្វើឲ្យបណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាលមាន សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧អង្សាសេនឹង សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥អង្សាសេ។
ក្រសួងបន្តថា ចាប់ពីថ្ងៃទី១៨-២០ ខែសីហា ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តប៉ៃលិន ខេត្តពោធិ៍សាត់ និង – ខេត្តសៀមរាប នឹងអាចមានភ្លៀងកម្រិតខ្សោយ ។ ចំណែកបណ្តាខេត្តដទៃទៀតនឹងអាចមានភ្លៀង ក្នុងកម្រិតពីខ្សោយទៅមធ្យម។
នៅថ្ងៃទី២១-២៤ ខែសីហា បណ្ដាខេត្តភាគច្រើននឹងអាចមានភ្លៀងក្នុងកម្រិតពីតិចទៅមធ្យម ។ ព្រមជាមួយនោះក៏អាចមានបណ្តាខេត្តខ្លះទៀត នឹងអាចមានភ្លៀងក្នុងកម្រិតពីបង្គួរទៅច្រើន។
ចំណែកបណ្តាខេត្តដាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន មានសីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ អង្សាសេ
នឹងសីតុណ្ហភាពអតិបរមា មានពី ៣១-៣៣ អង្សាសេអាចនឹងមានភ្លៀងក្នុងកម្រិតពីតិចទៅបង្គួរ។
ដោយឡែកតំបន់មាត់សមុទ្រមានសីតុណ្ហភាពអប្បបរមា មានពី ២៣-២៥អង្សាសេនឹងសីតុណ្ហភាពអតិបរមា មានពី ៣១-៣៣ អង្សាសេ អាចនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ៕