ភ្នំពេញ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំង កូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានស្នើអាជ្ញាធរ ត្រូវកៀរគរប្រជាពលរដ្ឋ មិនទាន់ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ឲ្យមកចាក់គ្រប់ៗគ្នា ដើម្បីឈានទៅបើកដំណើរការឡើងវិញនូវ សង្គម-សេដ្ឋកិច្ច កម្ពុជា។
តាមរយៈលិខិត របស់ក្រសួងសុខាភិបាល នាថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ លោកស្រី ឱ វណ្ណឌីន បានលើកឡើងថា «ដើម្បីសម្រេចឲ្យបាននូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី ក្នុងការសម្រេចគោលដៅ ១០លាននាក់ លើប្រជាជនអាយុពី១៨ឆ្នាំឡើង ក្នុងអំឡុងចុងខែតុលា ឬដើមខែវិច្ឆិកា ឆ្នាំ២០២១នេះ គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំង កូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស ស្នើឲ្យអាជ្ញាធរគ្រប់ថ្នាក់ អំពាវនាវ និងកៀរគរប្រជាពលរដ្ឋដែលមិនទាន់បានចាក់វ៉ាក់សាំង កូវីដ-១៩ ដួសទី១ នៅតាមមូលដ្ឋានភូមិ ឃុំ-សង្កាត់ របស់ខ្លួន ព្រមទាំងរៀបចំផែនការ និងចលនាលើកទឹកចិត្តពួកគាត់ឱ្យមក ទទួលការចាក់វ៉ាក់សាំងកូរីដ-១៩ ដោយស្ម័គ្រចិត្ត ដើម្បីធានាបាននូវភាពស៊ាំក្នុងសហគមន៍ ការពារ សុខុមាលភាពរបស់ប្រជាជន ក៏ដូចជាឈានទៅបើកដំណើរការឡើងវិញ នូវសង្គម-សេដ្ឋកិច្ច នៅកម្ពុជា»។