ចាប់ខ្លួនអ្នកកាសែតម្នាក់ ប្រើប្រាស់អាវុធខុសច្បាប់ និងជាមុខសញ្ញាចែកចាយគ្រឿងញៀន

0
12

ភ្នំពេញ៖ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌប្ញស្សីកែវ បានចាប់ឃាត់ខ្លួនបុរសម្នាក់ជាអ្នកកាសែតមានប្រើប្រាស់អាវុធខុសច្បាប់ និងជាមុខសញ្ញាលក់ចែកចាយគ្រឿងញៀន។

ការឃាត់ខ្លួននេះបានធ្វើឡើងនៅក្នុងភូមិសាស្ត្រខណ្ឌប្ញស្សីកែវ ខណៈដែលបុរសរូបនេះកំពុងធ្វើដំណើរដោយម៉ូតូតាមផ្លូវសាធារណៈ នៅរសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ ត្រង់ចំណុចស្តុបផ្លូវលេខ៥៩៨ កែងផ្លូវជាតិលេខ៥ ក្រុម៣ ភូមិ៣ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ រាធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ម៉ន តេវ ភេទប្រុស អាយុ៤២ឆ្នាំ ជាអ្នកកាសែតកាន់លិខិតបេសកកម្មអង្គភាពបារមីភ្នំជីសូរ ធីវីអនឡាញ រស់នៅផ្ទះ៦៩០Eo ក្រុម៤ ភូមិ៤ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួនក្រោយពីតាមដានស្រាវជ្រាវស៊ើបអង្កេតថា ជននេះមានប្រើប្រាស់អាវុធខុសច្បាប់ និងជាមុខសញ្ញាលក់ចែកចាយគ្រឿងញៀន តាមការផ្តល់ព័ត៌មានរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ។ ជនសង្ស័យត្រូវបានកម្លាំងនគរបាលខណ្ឌប្ញស្សីកែវយកទៅធ្វើតេស្តទឹកនោម គឺមានផ្ទុកសារធាតុញៀនក្នុងខ្លួនផងដែរ។

សមត្ថកិច្ចឲ្យដឹងទៀតថា ជាមួយនឹងការចាប់ឃាត់ខ្លួនជនសង្ស័យ គឺសមត្ថកិច្ចបានឆែកឆេរត្រួតពិនិត្យដកហូត អាវុធខ្លី១ដើម ម៉ាក lock 17 គ្មានលេខ, ID ០១គ្រឿង, ម៉ូតូ១គ្រឿងម៉ាក M Slaz ស្លាកលេខភ្នំពេញ 1HR-4555និងលិខិតបេសកកម្មអ្នកសារព័ត៌មាន០១សន្លឹក, លិខិតប្រើប្រាស់ ID ០១សន្លឹក និងកាតសម្គាល់ខ្លួនជាអ្នកសារព័ត៌មាន១សន្លឹក។

បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាងត្រូវបានកម្លាំងនគរបាលខណ្ឌប្ញស្សីកែវកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តតាមនីតិវិធី៕

LEAVE A REPLY

Please enter your comment!
Please enter your name here