បន្ទាយមានជ័យ៖ ក្មេងស្រីម្នាក់មានអាការៈចុកពោះ ក្អួតចង្អោរ ប្រកាច់ស្លាប់បន្ទាប់ពីបានផឹកទឹកក្រូចអស់ចំនួន២ដបរួច។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១ថ្ងៃទី១៧ ខែសីហា ឆ្នាំ ២០២១ រស់នៅភូមិតាម៉ាំង ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
នគរបាលមូលដ្ឋានបានឲ្យដឹងថា ក្មេងស្រីដែលបានបាត់បង់ជីវិតឈ្មោះ ឆេន ស្រីមុំ ភេទស្រី អាយុ១៧ឆ្នាំ រស់នៅភូមិតាម៉ាំង ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។
តាមអះអាងពីស្ត្រីជាម្តាយ ក៏ដូចជាមេភូមិ និងប្រជាពលរដ្ឋជិតខាង បានប្រាប់ថា ក្មេងស្រីដែលស្លាប់នេះមានសតិមិនល្អ មានជំងឺប្រចាំកាយ(ស្កន់) ហើយតែងតែដើរតាមផ្លូវមិនសូវនៅផ្ទះនិងតែងតែទាស់ចំណីអាហារជាប្រចាំ។
ប្រភពដដែលបានបញ្ជាក់ថា មុនពេលកើតហេតុស្ត្រីជាម្តាយបានប្រាប់ថា កូនស្រីគាត់បានប្រាប់គាត់ថាវាបានផឹកទឹកក្រូចអស់២ដបតូច មួយសន្ទុះក្រោយមកក៏ស្រាប់តែមានអាការៈ ចុកពោះ ប្រកាច់ និងក្អួតចង្អោរ ហើយគាត់ក៏បានឲ្យថ្នាំប៉ារ៉ាលេបអស់ចំនួន២គ្រាប់ ដោយពុំបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យនោះទេ។ លុះក្រោយមកកូនស្រីរបស់គាត់បានប្រកាច់ដាច់ខ្យល់ស្លាប់តែម្តង ។
នគរបាលបានឲ្យដឹងទៀតថា តាមការពិនិត្យរបស់គ្រូពេទ្យរកជំងឺកូវីដ-១៩ គឺអវិជ្ជមាន ។ បើតាមការសន្និដ្ឋានរបស់គ្រូពេទ្យឈ្មោះស្រី ខ្លុង ប្រធានមណ្ឌលសុខភាពបឹងត្រកួនបានអះអាងថា ក្មេងស្រីនេះស្លាប់ដោយសាជំងឺប្រចាំកាយស្កន់ជ្រូកនិងពុលចំណី ពុំមានស្លាកស្នាមអ្វីទាក់ទងនឹងឃាតកម្មនោះទេ ។ សពត្រូវបានប្រល់ជូនឪពុកម្តាយចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕