ខេត្តព្រះសីហនុ បន្តផ្អាកលក់គ្រឿងស្រវឹង១៤ថ្ងៃទៀត

0
8

ភ្នំពេញ៖ រដ្ឋបាលខេត្តព្រះសីហនុ បានសម្រេចបន្ដផ្អាកលក់គ្រឿងស្រវឹងគ្រប់ប្រភេទ រយៈពេល១៤ថ្ងៃបន្ថែមទៀត ចាប់ពីថ្ងៃទី២០ ខែសីហា ដល់ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១ ក្នុងភូមិសាស្ដ្រខេត្តព្រះសីហនុ។

យោងតាមសេចក្ដីណែនាំរបស់រដ្ឋបាលខេត្តព្រះសីហនុនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១បានបញ្ជាក់ថា រហូតមកដល់ពេលនេះ ក្នុងខេត្តព្រះសីហនុ នៅមិនទាន់ទប់ស្កាត់បានទាំងស្រុងនៅឡើយទេ ហើយកំពុងមានការឆ្លងរាលដាលជាបន្ដបន្ទាប់ទៀត ដូច្នេះការបន្ដផ្អាកលក់គ្រឿងស្រវឹងនេះ ដើម្បីធានាការពារអាយុជីវិតប្រជាពលរដ្ឋ សុខភាពសាធារណៈនិងសណ្ដាប់ធ្នាប់សង្គម។

រដ្ឋបាលខេត្តព្រះសីហនុ សូមណែនាំដូចខាងក្រោម៖

-បន្តផ្អាកការលក់គ្រឿងស្រវឹងគ្រប់ប្រភេទ នៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី២០ ខែសីហា ដល់ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១

-គ្រប់ផ្សាររដ្ឋ ផ្សារឯកជន និងផ្សារម៉ាត ព្រមទាំងដេប៉ូចែកចាយគ្រឿងស្រវឹងនៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ត្រូវតែបន្តផ្អាកការលក់ដូរ និងចែកចាយគ្រឿងស្រវឹងគ្រប់ប្រភេទ

-គ្រប់ភោជនីយដ្ឋាន អាហារដ្ឋាន តូបលក់អាហារ ហាងកាហ្វេ ហាងភេសជ្ជៈ អាជីវកម្មដ្ឋានអាហារ-ភេសជ្ជៈ និងអាជីវករលក់ដូរ អ្នកចែកចាយគ្រឿងស្រវឹងគ្រប់ប្រភេទ ត្រូវបន្តផ្អាករាល់ការបម្រើគ្រឿងស្រវឹងជូនភ្ញៀវជាបណ្តោះអាសន្ន រយៈពេល១៤ថ្ងៃបន្ថែមទៀត។

អាជ្ញាធរខេត្តបញ្ជាក់ថា ក្នុងករណីបងប្អូនប្រជាពលរដ្ឋ អ្នកគ្រប់គ្រងផ្សារ អ្នកគ្រប់គ្រងក្រុមហ៊ុន ឬដេប៉ូចែកចាយ ម្ចាស់ហាង ម្ចាស់តូបលក់ដូរក៏ ដូចជាម្ចាស់ទីតាំងអាជីវកម្ម ពាក់ព័ន្ធ ការលក់ដូរគ្រឿងស្រវឹងដូចរៀបរាប់ខាងលើមិនអនុវត្តតាមសេចក្តីណែនាំនេះត្រូវទទួលវិធានការរដ្ឋបាល និងវិធានការច្បាប់ដោយគ្មាន ការលើកលែងឡើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here