ភ្នំពេញ÷ ក្រុមការងាររបស់សម្ដេចតេជោ ដឹកនាំដោយ នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស និងជានាយករងខុទ្ទកាល័យសម្ដេចតេជោហ៊ុនសែន សហការជាមួយរដ្ឋបាលខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ បានអញ្ជើញចុះពិនិត្យទីតាំងចំការមៀនប៉ៃលិនផ្ទាល់ ដែលមានទីតាំងនៅឃុំរស្មីសង្ហា ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង ដើម្បីប្រមូលទិញមៀនប៉ៃលិន ដែលកសិកររងផលប៉ះពាល់រាំងស្ទះក្នុងការនាំចេញ ។

ការចុះពិនិត្យនេះបានធ្វើឡើងដោយយោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់ សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្ដីក្រកម្ពុជា បានអនុញ្ញាតឲ្យ នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង និងក្រុមករងារប្រមូលទិញនូវកសិផល មៀនប៉ៃលិន នៅតាមបណ្ដាខេត្តជាប់ព្រំដែន កម្ពុជា-ថៃ ដែល ដែលកំពុងជួបប្រទះក្នុងការនាំចេញទៅក្រៅប្រទេស ដែលបណ្ដាលមកពីការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ នៅតាមព្រំដែនប្រទេសជិតខាង។
ក្នុងពេលចុះពិនិត្យ នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង បានមានប្រសាសន៍ថា សម្រាប់មៀនប៉ៃលិន (ផ្លែតាង៉ែន)នេះ គឺនឹងយកទៅចែកជូនដល់កងទ័ព នគរបាល កងរាជអាវុធហត្ថ គ្រូពេទ្យ អ្នកជំងឺ និងពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័ក និងដើម្បីជួយរំលែកកុំឲ្យប្រជាកសិករខាតបង់ច្រើនពេក ហើយការចុះប្រមូលទិញនេះមិនទាន់កំណត់ពេលវេលានោះទេ ពោលគឺបន្តប្រមូលទិញជាបន្តបន្ទាប់ទៀត។

ចំណែក លោក ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត បានមានប្រសាសន៍ថា ដើម្បីឲ្យសម្រេចបានជោគជ័យក្នុងការប្រមូលទិញផ្លែតាង៉ែន តាមការណែនាំពីប្រមុខដឹកនាំរាជរដ្ឋាភិបាល រដ្ឋបាលខេត្តបាត់ដំបង បានចូលរួមសហការជាមួយក្រុមការងារសម្តេចតេជោ ដោយបានណែនាំដល់រដ្ឋបាលស្រុកទាំង៦របស់ខេត្តបាត់ដំបង ដែលមានដាំដំណាំផ្លែមៀនប៉ៃលិន ឬផ្លែតាង៉ែនគឺស្រុកសំពៅលូន ភ្នំព្រឹក កំរៀង សំឡូត រតនៈមណ្ឌល និងស្រុកបាណន់ និងស្រុកមួយចំនួនទៀត ក្នុងការជូនដំណឹងដល់កសិករក្នុងមូលដ្ឋានរបស់ខ្លួនបានដឹង ។
ដោយឡែក តំណាងប្រជាកសិករដាំដំណាំមៀនប៉ៃលិន (តាង៉ែន) បានបង្ហាញនូវភាពសប្បាយរីករាយ ខណៈទីផ្សារផ្លែមៀនរបស់គាត់លែងជាបញ្ហាចោទ ដោយសារតែមានការប្រមូលទិញពីក្រុមការងាររបស់សម្ដេចតេជោ ដែលធ្វើឲ្យការខាតបង់ថ្លៃដើមផលិតត្រូវបានកាត់បន្ថយបានច្រើន។
សូមបញ្ជាក់ថា តាមរយៈនៃការចុះទិញផ្លែតាង៉ែន របស់ក្រុមការងារបានកំណត់យកតម្លៃ ព្រមព្រៀងគ្នានៅនឹងចម្ការផ្ទាល់ គឺ១៨០០៛ ក្នុងមួយគីឡូក្រាម ដោយឡែក បើដឹកទៅដល់ទីតាំងនៅទីលានបាល់ទាត់វាលបែកចាន ក្រុងបាត់ដំបង មានតម្លៃ២៥០០៛ ក្នុងមួយគីឡូក្រាម តែក្នុងនោះផ្លែតាង៉ែនទាំងអស់ត្រូវបានកាត់តែងឲ្យបានស្អាតត្រឹមត្រូវដូចការវេចខ្ចប់សម្រាប់យកទៅលក់លើទីផ្សារ និងការនាំចេញផងដែរ៕




