បុរសម្នាក់ផឹកស្រាស្រវឹង អុំទូកទៅផ្ទះ បណ្តាលឲ្យធ្លាក់ទឹកលង់ស្លាប់

0
8

សៀមរាប៖ សាកសពបុរសម្នាក់ត្រូវបានគេប្រទះឃើញនៅចំណុចស្ទឹងសង្កែ ស្ថិតក្នុង ភូមិទ្រាយ ឃុំពោធិ៍ទ្រាយ ស្រុកពួក ខេត្តសៀមរាប វេលាម៉ោង០៨និង៣០នាទីព្រឹក ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១។

នគរបាលស្រុកពួកបានអោយដឹងថា នៅវេលាម៉ោង១៨ និង៣០នាទី ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ ជនរងគ្រោះបានអង្គុយផឹកស្រាសជាមួយមិត្តភក្តិ២នាក់ : ១. ឈ្មោះ អ៊ី ភេទប្រុស អាយុ៥២ឆ្នាំ ២. ឈ្មោះ ជា វ៉ិត ភេទប្រុស អាយុ ៣៤ឆ្នាំ រស់នៅភូមិជុំគ្នា បានផឹកស្រាសអស់ ចំនួន ៣.៥លីត្រ រួចបែកគ្នានៅវេលាម៉ោង ២០ និង១៥នាទី។ ចំណែកជនរងគ្រោះបានអុំកាណូត(មិនបញ្ឆេះម៉ាស៊ីន) តែម្នាក់ឯងទៅផ្ទះលើដីចំការ។

លុះនៅម៉ោងប្រហែល៧ និង៣០នាទីព្រឹក ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ ត្រូវបានបងប្អូនអ្នកភូមិឃើញកាណូតរបស់ជនរងគ្រោះអណ្ដែតលើទឹក(ស្ទឹង) តែបាត់មនុស្ស ក៏នាំគ្នារកដល់ផ្ទះក៏មិនឃើញ មានការសង្ស័យថាធ្លាក់ទឹកព្រោះស្រវឹង ពួកគាត់រាយការណ៍ឲ្យសមត្ថកិច្ចជួយស្រាវជ្រាវ។

សមត្ថកិច្ចបានស្រាវជ្រាវ រកសពជនរងគ្រោះឃើញអណ្តែតទឹកស្ទឹងសង្កែនៅវេលាម៉ោង ១៦ និង១៥នាទីល្ងាច ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ នៅចំណុចចុងភូមិទ្រាយ ស្រុកពួក ខេត្តសៀមរាប។

តាមការពិនិត្យកោសល្យវិនិច្ឆ័យរបស់គ្រូពេទ្យមណ្ឌលពោធិ៍ទ្រាយ និងសមត្ថកិច្ចជំនាញបានអោយដឹងថា សាកសពពុំមានស្លាកស្នាមអ្វីគួរសង្ស័យដែលពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌនោះទេ។

យោងតាមព័ត៌មានបំភ្លឺជុំវិញហេតុការណ៍នេះ ការពិនិត្យសាកសពរួមនឹងគ្រូពេទ្យ ជំនាញបានធ្វើការសន្និដ្ឋានវាយតម្លៃបឋមបានថា: ករណីខាងលើគឺ ជនរងគ្រោះស្រវឹងស្រាធ្លាក់ទឹកស្ទឹងសង្កែបណ្ដាលឲ្យលង់ទឹកស្ទះផ្លូវដង្ហើមស្លាប់។ ក្រោយពិនិត្យ និងធ្វើកំណត់ហេតុរួច សមត្ថកិច្ចបានប្រគល់សពជនរងគ្រោះជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

LEAVE A REPLY

Please enter your comment!
Please enter your name here