ហ៊ានណាស់! បន្លំខ្លួនជាសមត្ថកិច្ចដាក់កុងត្រូលជជុះទារលុយពលរដ្ឋ ត្រូវជាប់ខ្នោះ អាវុធហត្ថរាជធានីភ្នំពេញ

0
13

ភ្នំពេញ៖ សមត្ថកិច្ចជំនាញនៃការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថ រាជធានីភ្នំពេញ នារសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ បានបញ្ជូនជនសង្ស័យម្នាក់ ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្តន្ទាទោសតាមនីតិវិធីច្បាប់ពាក់ព័ន្ធករណី ក្លែងបន្លំជា សមត្ថកិច្ចដាក់កុងត្រូជជុះឃាត់រថយន្តដឹកបន្លែរបស់ប្រជាពលរដ្ឋ ដើម្បីសម្លុតគំរាមកំហែង ទារប្រាក់។

ឧត្តមសេនីយ៍ ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកង រាជ អាវុធហត្ថរាជធានីភ្នំពេញបានឱ្យដឹងថា បន្ទាប់ពីទទួលបានបណ្តឹងពីប្រជាពលរដ្ឋ កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌដង្កោ បានជិះល្បាតក្នុងភូមិសាស្រ្តរបស់ខ្លួនក៏ប្រទះឃើញ មានករណីនេះកើតមានពិតប្រាកដមែន។ ភ្លាមនោះកម្លាំងល្បាតធ្វើការបង្ក្រាបបានជាក់ស្តែង នៅចំណុចមុខការដ្ឋានផ្ទះល្វែង ផ្លូវជាតិលេខ៣ ក្នុងភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ កាលពីវេលាម៉ោង១២៖៤០នាទីយប់ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ ដោយឃាត់ខ្លួនបាន ជនសង្ស័យម្នាក់ឈ្មោះ ចិន គោ ភេទប្រុស អាយុ៣៥ឆ្នាំ មានមុខរបរមិនពិតប្រាកដ មានស្រុកកំណើត ភូមិកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង ព្រមទាំងដកហូត វត្ថុតាងរួមមាន៖ រថយន្តម៉ាកហ្វតចង្កូតស្តាំមួយគ្រឿង ពណ៌ទឹកសមុទ្រ រួមនឹងកោន ចរាចរណ៍៦ដើម។

លោក បានបញ្ជាក់បន្ថែមថា ក្រោមវិធានការជំនាញ ជនសង្ស័យ ខាងលើបានសារភាពថា ខ្លួននិងបក្ខពួកម្នាក់ទៀត ពិតជាបានឃាត់រថយន្តហ៊ីយ៉ាន់ដាយដឹក បន្លែមួយគ្រឿង ដោយខ្លួនអះអាងប្រាប់តៃកុងឡានថាខ្លួនជា សមត្ថកិច្ចនិងបានគំរាមកំហែង ទារប្រាក់ពីតៃកុងឡាន ពិតប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្តន្ទាទោសតាម នីតិវិធីច្បាប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here