ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចវរសេនាតូចនគរបាលការពារព្រំដែនលេខ៨១៧ សហការជាមួយកម្លាំង យោធាផ្នែកសឹករងសំពៅលូន និងកម្លាំងយោធាវរសេនាតូច៥៣៣ បានឃាត់ខ្លួនមេខ្យល់ម្នាក់ បម្រុងនាំពលករខ្មែរចំនួន៧នាក់លួចឆ្លងដែនចូលទៅក្នុងទឹកដីថៃ ដោយខុសច្បាប់។
ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង១១និង៣០នាទី ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ នៅត្រង់ចំណុចភូមិសាស្ត្រក្រុមទី៥ ភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។
ប្រតិបត្តិការនេះដែរ សមត្ថកិច្ចជំនាញបានធ្វើការឃាត់ខ្លួនពលករខ្មែរបានចំនួន៧នាក់ ក្នុងនោះមានស្រី៤នាក់ និងឃាត់មុខសញ្ញានាំមនុស្សឆ្លងដែន(មេខ្យល់)ចំនួន១នាក់ ឈ្មោះ យឹម ជឿន ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅក្នុងក្រុមទី១ ភូមិពោធិ៍ជ្រៃ ឃុំសេរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង។
បន្ទាប់ពីបានសាកសួរនិងធ្វើការអប់រំ ណែនាំរួច កម្លាំងជំនាញរបស់លោកបានប្រគល់ពលករខ្មែរ ទាំងអស់ រួមទាំងមេខ្យល់ឱ្យទៅកម្លាំងនៃអធិការដ្ឋាននគបាលស្រុកសំពៅលូន ដើម្បីចាត់ការ បន្តតាមនីតិវិធី៕













