៣ថ្ងៃចុងក្រោយខណ្ឌប្ញស្សីកែវ កើតឡើងគ្រោះអគ្គីភ័យ២ករណីផ្សេងគ្នា បណ្តាលឱ្យរងរបួសមនុស្សធ្ងន់ស្រាល៣នាក់ និងឆេះផ្ទះ៥ខ្នង

0
9

ភ្នំពេញ៖ ខណ្ឌប្ញស្សីកែវកើតឡើងអគ្គីភ័យ២ករណីផ្សេងគ្នាក្នុងរយៈពេល ៣ថ្ងៃចុងក្រោយដែល បណ្តាលឱ្យរងរបួសមនុស្សធ្ងន់ស្រាលចំនួន៣នាក់និងឆេះផ្ទះអស់៥ខ្នង។

យោងតាមអគ្គស្នងការនគរបាលជាតិបានឲ្យដឹងថា ខណៈដែលអគ្គីភ័យកើតឡើងកងកម្លាំង នគរបាលផ្នែកជួយសង្រ្គោះអគ្គីភ័យ រាជធានីភ្នំពេញ ក៏បានចេញជួយអន្តរាគមន៍បញ្ចេញ រថយន្តទឹកនិងសមម្ភារៈពន្លត់អគ្គីភ័យបានជួយសង្រ្គោះជីវិតប្រជាពលរដ្ឋនិងសង្រ្គោះផ្ទះបានជាច្រើនខ្នងនៅគ្រាដែលដែលអគ្គីភ័យបានឆាបឆេះយ៉ាងសន្ធោសន្ធៅបង្កឱ្យភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនៅខណ្ឌប្ញស្សីកែវនោះ។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គីភ័យនិងសង្រ្គោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញប្រាប់ឱ្យដឹងថា នៅវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី ២៣ ខែ សីហា ឆ្នាំ២០២១ មានករណីអគ្គីភ័យមួយកន្លែងកើតឡើងនៅចំណុចផ្លូវរថភ្លើង តំបន់សំណង់មិនរៀបរយស្ថិតនៅក្រុម៣ភូមិទួលសង្កែសង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។ដែលម្ចាស់ឈ្មោះ:មួង សារិទ្ធ ភេទប្រុស អាយុ ៤៥ ឆាំ្ន ជួលឱ្យឈ្មោះចាន់ សំណាង ភេទប្រុស អាយុ ៤១ ឆ្នាំ ប្រកបមុខរបររើសអេតចាយ។

មុនពេលកើតហេតុគឺអ្នកជួលផ្ទះបានដុតខ្សែភ្លើងយកស្ពាន់ ដើម្បីយកទៅលក់ រំពេចនោះក៏បណ្តាល ឱ្យភ្លើងឆាបឆេះខ្លាំងឡើងៗ គ្រប់គ្រងមិនបានភ្លើងក៏រាលដាលឆេះផ្ទះ ជួលនោះតែម្តង ជាប្រភេទសំណង់ ផ្ទះឈើប្រក់សង្ក័សី(ទំហំ ៥ម៉ែត្រ× ៦ម៉ែត្រ) ហើយភ្លើងបន្តឆេះរាលដាល ផ្ទះឈើចំនួន០៤ខ្នងបន្ថែមទៀតបង្កឱ្យរងការខូចខាត សម្ភារៈប្រើប្រាស់អស់ទាំងស្រុង សរុបចំនួន៥ខ្នងស្មើនឹង១២គ្រួសារ ចំណែកអ្នកបង្កក៏បានរត់គេចខ្លួនបាត់។

លោកនាយការិយាល័យបានប្រាប់ឱ្យដឹងទៀតថា នៅពេលអគ្គីភ័យកើតឡើងភ្លាមកម្លាំង នគរបាលអន្តរាគមន៍ ការិយាល័យបង្ការពន្លត់អគ្គីភ័យនិងសង្រ្គោះ សហការជាមួយកម្លាំងនគរបាល ខណ្ឌប្ញស្សីកែវ អាជ្ញាធរមូលដ្ឋាននិង ក្រុមហ៊ុនឯកជនបញ្ចេញរថយន្តទឹក១៥គ្រឿងក៏បានបាញ់ទឹក ទប់ស្កាត់ភ្លើង ចំណាយពេលជិត០១ម៉ោងទើបពន្លត់ភ្លើងនោះបានទាំងស្រុង ដោយមិនបានបង្ក ឱ្យរងរបួសស្នាមរឺបាត់បង់អាយុជីវិតប្រជាពលរដ្ឋនោះឡើយ។

ដោយឡែកនៅខណ្ឌប្ញស្សីកែវនេះផងដែរ ក៏បានកើតឡើងករណីអគ្គីភ័យមួយទៀត កាលពីរសៀលថ្ងៃ ទី២២ ខែសីហា ឆ្នាំ២០២១ នៅចំណុចផ្ទះលេខ៦៤០ ក្រុមទី៤ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ដែលបណ្តាលឱ្យមនុស្សប្រុសស្រីចំនួន៣នាក់ រងរបួសធ្ងន់និងស្រាលនៅចំថ្ងៃសែនក្បាលទឹកនៅពេលម្ចាស់ផ្ទះកំដៅសម្លហើយផ្ទុះចង្រ្កានហ្គាស។ខណៈដែលអគ្គីភ័យកើតឡើង កម្លាំងនគរបាលខណ្ឌប្ញស្សីកែវ និងប៉ុស្តិ៍នគរបាលរដ្ឋបាល បានចុះដល់កន្លែង កើតហេតុដោយមានការចូលរួមពីប្រជាពលរដ្ឋជួយអន្តរាគមន៍ និងពន្លត់អគ្គីភ័យដោយប្រើប្រាស់បំពង់ពន្លត់អគ្គីភ័យបាញ់ឧស្ម័នឱ្យរលត់ទាំងស្រុង មិនបង្កឱ្យឆេះផ្ទះនោះទេ គ្រាន់តែរងការខូចខាតសម្ភារៈប្រើប្រាស់មួយចំនួននៅក្នុងផ្ទះ។

ជុំវិញបញ្ហាគ្រោះអគ្គីភ័យនេះលោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាល បង្ការពន្លត់អគ្គីភ័យនិងសង្រ្គោះ ក៏បានអំពាវនាវប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់បំផុតពីបញ្ហាគ្រោះអគ្គីភ័យនេះ បើមានការធ្វេសប្រហែសវានឹងបំផ្លាញ ទ្រព្យសម្បត្តិរឺអាយុជីវិតប្រជាពលរដ្ឋជាយថាហេតុណាមួយជាក់ជាមិនខានឡើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here