ខេត្តបាត់ដំបង៖ នគរបាលស្រុកថ្មគោលបានដឹកនាំកម្លាំងផ្នែកប្រឆាំងគ្រឿងញៀនចូលរួមជាមួយ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាម៉ឺន បង្រ្កាបករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ១ករណី ក្នុងបទល្មើសជាក់ស្តែង ខ្លួនជនសង្ស័យចំនួន២នាក់ និងដកហូត គ្រឿងញៀនមួយចំនួន។
ការបង្ក្រាបនេះបានធ្វើឡើង នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ១១និង០០នាទី នៅចំណុចក្រុមទី ០២ ភូមិជ្រោយម្ទេសឃុំ តាម៉ឺនស្រុកថ្មគោល ខេត្តបាត់ដំបង។
ជនសង្ស័យទាំង២នាក់មានឈ្មោះ៖ ១-ឈ្មោះ រើន សាវិនភេទប្រុសអាយុ ៣២ឆ្នាំ រស់ នៅភូមិ គោកត្រប់ ឃុំតាម៉ីន ស្រុកថ្មគោលខេត្តបាត់ដំបង។ ២-ឈ្មោះ ហួត សុវណ្ណ ភេទប្រុសអាយុ២១ឆ្នាំរស់នៅភូមិកសិកម្មឃុំតាពូង ស្រុកថ្មគោលខេត្តបាត់ដំបង។
វត្ថុតាងចាប់យកបានរួមមាន៖ ១, ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិកពណ៌សថ្លា ចំនួន៦ថង់តូចទម្ងន់២,៣៥ក្រាម(ទាំងសម្បក) សង្ស័យមានសារធាតុញៀនប្រភេទមេតំហ្វេតាមីនម៉ាទឹកកក ICE ។ ២-ជញ្ជីងសំរាប់ថ្លឹងគ្រឿងញៀនចំនួន១ ។៣-ដែកកេះចំនួន១
។៤-ដែកសំរាប់ច្រកគ្រឿងញៀនចំនួន១ និងថង់សំរាប់ច្រកគ្រឿងញៀនមួយចំនួន។
បច្ចុប្បន្នពេលសាកសួររួចសមត្ថកិច្ចនគរបាលស្រុកបានរៀបចំកសាងសំណុំរឿងបញ្ជូនមកការិយាល័យជំនាញចាត់ការបន្តតាមនិតិវិធីច្បាប់៕













