ហ៊ានណាស់! បន្លំយករូបប្រាសាទអង្គរវត្តរបស់កម្ពុជា ជាស្លាកសញ្ញាលើគុយទាវកញ្ចប់ ដាក់លក់នៅអាមេរិក

0
15

ភ្នំពេញ៖ កម្ពុជាបាននិងកំពុងចាត់វិធានការ លើក្រុមហ៊ុននាំចូលគុយទាវក្រៀមកញ្ចប់ ដែលបានយកស្លាកសញ្ញា «ផលិតផលគុយទាវភ្នំពេញ» និង «រូបសញ្ញាប្រាសាទអង្គរវត្ត» បន្លំដាក់លើផលិតផលគុយទាវរបស់ពួកគេ ហើយកំពុងដាក់លក់នៅអាមេរិក។

ចំណាត់ការលើក្រុមហ៊ុននេះ ធ្វើឡើងបន្ទាប់ពីរកឃើញ ករណីចែកចាយ នៅលើទីផ្សារសហរដ្ឋអាមេរិក នូវផលិតផលគុយទាវក្រៀមកញ្ចប់ ដែលមិនមែនជាផលិតផលរបស់កម្ពុជា ហើយនៅលើសំបកវេចខ្ចប់មានការប្រើប្រាស់ស្លាកសញ្ញា «ផលិតផលគុយទាវភ្នំពេញ» និង «រូបសញ្ញាប្រាសាទអង្គរវត្ត» កំពុងត្រូវបានដាក់លក់នៅតាមបណ្តាផ្សារអាស៊ី ក្នុងតំបន់ឆ្នេរខាងកើតសហរដ្ឋអាមេរិក (East Coast)។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ស្ថានទូតកម្ពុជាប្រចាំសហរដ្ឋមេរិក បានឲ្យដឹងថា ការប្រើប្រាស់ពាក្យនិងម៉ាក «ផលិតផលគុយទាវភ្នំពេញ» និង «រូបសញ្ញាប្រាសាទអង្គរវត្ត» ដោយមិនមានការអនុញ្ញាតពីអាជ្ញាធរ មានសមត្ថកិច្ចរបស់កម្ពុជា បានរំលោភបំពានលើបទប្បញ្ញត្តិច្បាប់របស់កម្ពុជា កិច្ចព្រមព្រៀង និងសន្ធិសញ្ញាអន្តរជាតិ ជាពិសេសការប្រើប្រាស់ម៉ាក គុយទាវភ្នំពេញ បានធ្វើឱ្យអ្នកប្រើប្រាស់ទូទៅមានការភាន់ច្រឡំ អំពីប្រភពដើមនៃផលិតផលគុយទាវកញ្ចប់។

ប្រភពបានបញ្ជាក់ថា «ស្ថានទូតបានស្រាវជ្រាវកំណត់មុខសញ្ញា និងចាត់អនុព័ន្ធពាណិជ្ជកម្មអមស្ថានទូត ចុះជួបណែនាំដល់ក្រុមហ៊ុនដែលនាំចូលផលិតផល ទាំងនោះ ដល់ទីតាំងក្រុមហ៊ុន ព្រមទាំងបានចេញលិខិតជូនដំណឹងជាផ្លូវការទៅក្រុមហ៊ុនទាំងនោះ ឱ្យបញ្ឈប់ធ្វើការនាំចូល ឬដាក់លក់នូវផលិតបែបនេះបន្តទៀត ហើយស្ថានទូតនឹងដាក់ចេញនូវវិធានការបន្ត ក្នុងករណីក្រុមហ៊ុនមិនព្រមអនុវត្តតាមសេចក្តីជូនដំណឹង»៕

LEAVE A REPLY

Please enter your comment!
Please enter your name here