កម្ពុជារកឃើញមេរោគកូវីដ១៩ បំប្លែងថ្មីDelta ចំនួន១៥៣៤ករណី គិតថ្ងៃទី២៦សីហា

0
7

ភ្នំពេញ៖ ក្រសួងសុខាភិបាល បានប្រកាសថា គិតត្រឹមថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញមេរោគកូវីដ១៩ បំប្លែងថ្មីចំនួន ១៥៣៤ករណីហើយ។

យោងតាមសេចក្តីជូនព័ត៌មានរបស់ ក្រសួងសុខាភិបាលបានបញ្ជាក់ថា រាជធានី ខេត្ត ដែលមានការឆ្លងមេរោគកូវីដ១៩ បំប្លែងថ្មី ច្រើនជាងគេមានដូចជា រាជធានីភ្នំពេញ ៤៥០នាក់ បន្ទាយមានជ័យ ២៨៦នាក់ ឧត្តរមានជ័យ២០៧នាក់ និងសៀមរាប ១៧៨នាក់ជាដើម ខណៈដែលដទៃទៀតមាន មេរោគនេះក្នុងកម្រិតតិចតួច និងក្រោម១០០ករណី។ ដោយឡែកខេត្តដែលមិនទាន់មានឆ្លងមេរោគថ្មីនេះ គឺខេត្តកែប និងខេត្តក្រចេះ។

ក្រសួងបញ្ជាក់ថា យោងតាមលទ្ធផលខាងលើនេះ បង្ហាញឱ្យយើងឃើញថា វីរុសដែលតា (Delta) បាននិងកំពុងបន្តរាតត្បាតវាយ លុកចូលក្នុងសហគមន៍របស់យើង ជាពិសេស រាជធានីភ្នំពេញ ខេត្តឧត្តរមានជ័យ សៀមរាប ព្រះវិហារ កំពង់ចាម កំពង់ធំ កណ្ដាល បន្ទាយមានជ័យ និងបណ្តាខេត្តមួយចំនួនទៀត។

ក្រសួងសុខាភិបាល ក៏បានអំពាវនាវដល់យុវវ័យគ្រប់រូប សូមចូលរួម អនុវត្តនូវគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានម៉ត់ចត់និងត្រឹមត្រូវ លើ៣ការពារ និង៣កុំ ដើម្បីការពារ បុគ្គលខ្លួនឯង កុំនាំវីរុសកូវីដ-១៩ មកចូលផ្ទះ និងដើម្បីការពារសមាជិកគ្រួសាររបស់ខ្លួន ជាពិសេស ឪពុកម្តាយ ជីដូន ជីតា ឬអ្នកមានជំងឺប្រចាំកាយនៅក្នុងគ្រួសារ ដែលជាបុគ្គលងាយរងគ្រោះ និងប្រឈមខ្ពស់ចំពោះភាពធ្ងន់ធ្ងរនៃជំងឺ ឬឈានទៅ ដល់ការស្លាប់បើមានការឆ្លងនូវ វីរុសកូវីដ-១៩នេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here