ព្រៃផ្សៃណាស់! សម្លាប់ក្មេងប្រុសអាយុ១២ម្នាក់ច្រកបាវ ប្លន់យកទ្រព្យសម្បត្តិ

0
8

ភ្នំពេញ៖ ក្មេងប្រុសអាយុ១២ឆ្នាំម្នាក់ត្រូវបានឃាតកសម្លាប់ច្រកចូលបាវហើយចាក់សោទុកចោលក្នុងបន្ទប់ដើម្បីប្លន់យកទ្រព្យសម្បត្តិ រួចហើយឃាតកក៏គេចខ្លួនបាត់។ ហេតុការណ៍នេះ ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីល្ងាច ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ នៅបន្ទប់ជួលជាន់ទី២ ក្នុងភូមិត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះគៀន ដារ៉ា ភេទប្រុសអាយុ១២ឆ្នាំ រស់នៅក្នុងបន្ទប់ជួលជាមួយម្តាយជាន់ទី១ ក្នុងភូមិសង្កាត់កើតហេតុខាងលើ មានស្រុកកំណើតនៅស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។

តាមប្រភពព័ត៌មានបានឱ្យដឹងថា ស្ត្រីជាម្តាយជនរងគ្រោះបានមកស្នាក់នៅកន្លែងកើតហេតុអស់រយៈពេល២ឆ្នាំមកហើយ ហើយគាត់ជាស្ត្រីមេម៉ាយ រាល់ថ្ងៃមានកូនចំនួន២នាក់ ស្រីម្នាក់ប្រុសម្នាក់ កូនច្បងអាយុ១៥ឆ្នាំ ចំណែកកូនប្រុសដែលស្លាប់អាយុ១២ឆ្នាំ។

នៅថ្ងៃកើតហេតុក្មេងប្រុសរងគ្រោះបាននៅបន្ទប់ជួលតែម្នាក់ឯងដោយម្តាយនិងបងស្រីទៅធ្វើការអស់។

ប្រភពពីម្តាយក្មេងរងគ្រោះបានឱ្យដឹងថា មុនពេលកើតហេតុរូបគាត់កំពុងធ្វើការស្រាប់តែម្ចាស់ផ្ទះជួលបានខលប្រាប់ថា កូនប្រុសរបស់គាត់ត្រូវជនមិនស្គាល់មុខសម្លាប់ច្រកបាវទុកក្នុងបន្ទប់ផ្សេងនៅជាន់ទី២ ភ្លាមនោះរូបគាត់ក៏សុំអ្នកគ្រប់គ្រងចេញពីកន្លែងធ្វើការសំដៅមកបន្ទប់ជួលក៏មានការភ្ញាក់ផ្អើលតែម្តង។ ក្រោយពីដឹងថាកូនរបស់គាត់ស្លាប់ហើយគាត់បានទៅពិនិត្យក្នុងបន្ទប់ជួលឃើញថាបាត់បង់ខ្សែកប្លាទីនមួយខ្សែ កូនជ្រូកសន្សំលុយមួយ ទូរស័ព្ទម៉ាកOppo មួយគ្រឿងផងដែរ។

ជុំវិញករណីខាងលើនេះផងដែរកម្លាំងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនបុរសម្នាក់ដែលស្ថិតក្នុងការសង្ស័យយកទៅសួរនាំ។ ក្រោយពីពិនិត្យសាកសពរួច សមត្ថកិច្ចបានប្រគល់ឱ្យស្ត្រីជាម្តាយដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here