ឡដុតសំរាម ចូលរួមដុតកម្ទេចសំណល់វេជ្ជសាស្ត្រពីមណ្ឌលព្យាបាលជំងឺកូវីដ១៩ និងមណ្ឌលធ្វើចត្តាឡីស័ក

0
12

ភ្នំពេញ៖ ឡដុតសំណល់រឹងសំរាម ៥០ ដែលក្រសួងបរិស្ថានបានបំពាក់ទៅដល់ ២១ រាជធានី-ខេត្ត (៤៩ស្រុក) បាននិងកំពុងចូលរួមដុតកម្ទេចសំណល់វេជ្ជសាស្ត្រពីមណ្ឌលព្យាបាលជំងឺកូវីដ១៩ និងមណ្ឌលធ្វើចត្តាឡីស័កដែលជាជំនួយបន្ថែមលើឡដុតសំណល់វេជ្ជសាស្ត្រដែលមាន ស្រាប់នៅតាមមន្ទីរពេទ្យនិងតាមមណ្ឌលសុខភាពនានា នៅទូទាំងប្រទេសកម្ពុជា។

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាមន្ត្រីនាំពាក្យ ក្រសួងបរិស្ថានបានថ្លែងថាការគ្រប់គ្រង និងវេច ខ្ចប់សំណល់រឹងសំរាមពីមណ្ឌលចត្តាឡីស័ក និងកន្លែងព្យាបាលអ្នកជំងឺកូវីដ១៩ និងពីអ្នកជំងឺព្យាបាលតាមផ្ទះបានល្អប្រសើររួមនឹងការបាញ់អាល់កុលសម្លាប់មេរោគផងនោះ នឹងចូលរួមបង្ការការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩។

លោករដ្ឋលេខាធិការ នេត្រ ភក្ត្រា បានថ្លែងថា យោងតាមរបាយការណ៍ផ្តល់ពីមន្ទីរបរិស្ថានទាំង ២៥ ខេត្តរាជធានី សំណល់រឹងសំរាមដែលបានបង្កើតឡើងនៅតាម មណ្ឌលចត្តាឡីស័ក និងមណ្ឌលព្យាបាលអ្នកជំងឺកូវីដ១៩ មានប្រមាណ ១០០ តោនក្នុងមួយថ្ងៃនាពេលបច្ចុប្បន្ន តែ ចំនួននេះអាចមានការធ្លាក់ចុះដោយសារតែអាត្រាឆ្លងជំងឺកូវីដ១៩ មានការធ្លាក់ចុះ។ លោកបានថ្លែងថានៅតាម បណ្តាខេត្តមួយចំនួនដូចជាសៀមរាប មណ្ឌលគិរី បាត់ ដំបងជាដើមបានប្រើប្រាស់ឡដុតសំណល់រឹងសំរាមដែលមានបច្ចេកវិទ្យាខ្ពស់ដុតកម្ទេចសំណល់វេជ្ជសាស្ត្រ ដែលមកពីមណ្ឌលព្យាបាលអ្នកជំងឺកូវីដ១៩ និងពីមណ្ឌលចត្តាឡីស័ក។ បើតាមការបញ្ជាក់របស់លោក នេត្រ ភក្ត្រា ក្រសួងបរិស្ថានតាមរយៈមន្ទីរបរិស្ថានបានផ្តល់ការគាំទ្រផ្នែកបច្ចេកទេសលើការងារគ្រប់គ្រងសំណល់រឹងសំរាមដែលចេញពីមណ្ឌលព្យាបាលអ្នកជំងឺកូវីដ១៩នេះ។

រហូតមកទល់បច្ចុប្បន្ននេះ ក្រសួងបរិស្ថានបានបំពាក់ឡដុតសំរាមសំណល់រឹងចំនួន ៥០ គ្រឿងទៅដល់ ២១ រាជធានី-ខេត្ត (៤៩ស្រុក)។
លោកនេត្រ ភក្ត្រា បានថ្លែងថា ការបំពាក់ឡដុតសំរាមសំណល់រឹងនេះ ជាវិធានការបន្ទាន់ចំពោះមុខ រីឯការគ្រប់គ្រងសំរាមសំណល់រឹងតាមលក្ខណបច្ចេកទេសដែលមានធុងដាក់សំរាមត្រឹមត្រូវមធ្យោបាយដឹកសំរាមគ្រប់គ្រាន់និងទីលានចាក់សំរាមតាមខ្នាតបច្ចេកទេសទើបជាវិធានការជាយុទ្ធសាស្ត្រនៃគោលនយោបាយស្តីពីការគ្រប់គ្រងសំរាមសំណល់រឹងទីប្រជុំជន។

លោក នេត្រ ភក្ត្រាបន្ថែមថា ក្នុងមួយថ្ងៃ កម្ពុជាបង្កើតសំរាមជាង ១ម៉ឺនតោន ហើយក្នុងមួយឆ្នាំប្រមាណជិត ៤ លានតោនដែលក្នុងនោះសំណល់សរីរាងប្រមាណ ៦៨% សំណល់ប្លាស្ទិកប្រមាណជាង ២០% និងសំណល់រឹង/សំណល់គ្រោះថ្នាក់ប្រមាណជាង ១០%៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here