អភិបាលខេត្តប៉ៃលិន ក្រើនរំលឹកនគរបាលប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិព្រំប្រកាន់ខ្ជាប់ អភិក្រមទាំង៥ របស់សម្តេចតេជោ

0
9

ភ្នំពេញ÷ លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានក្រើនរំលឹកនគរបាលប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិព្រំប្រកាន់ខ្ជាប់នូវអភិក្រមទាំង ៥ របស់សម្តេចតេជោ ហ៊ុន សែន គឺ ឆ្លុះកញ្ចក់ មុជទឹក ដុសក្អែល ព្យាបាល និងវះកាត់។

ក្នុង ពេលអញ្ជើញចូលរួមក្នុង ពិធីប្រកាសតែងតាំងមុខតំណែង និងផ្ទេរភារកិច្ចនាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែន អន្តរជាតិព្រំនាថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ លោកស្រី បាន ស្រីមុំ បានផ្តាំផ្ញើដល់លោកនាយប៉ុស្ត៍នគរបាលអន្តោប្រវេសន៍ថ្មី ត្រូវរក្សាឲ្យបានល្អនូវក្រមសីលធម៌ វិជ្ជាជីវ: ក្នុងនាមជាថ្នាក់ដឹកនាំ ដោយមានសាមគ្គីភាពផ្ទៃក្នុង និងត្រូវយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះការងារ ដែលថ្នាក់ដឹកនាំបានប្រគល់ជូន និងបន្តគោរព ព្រមទាំងអនុវត្តឲ្យបាននូវគោលនយោបាយនានា របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសត្រូវជំរុញការផ្តល់សេវាសាធារណៈ ជូនដល់ប្រជាពលរដ្ឋ និងភ្ញៀវជាតិ+អន្តរជាតិ ឲ្យបានកាន់តែល្អប្រសើរឡើង ដោយប្រកាន់ខ្ជាប់នូវអភិក្រមទាំង ៥ របស់សម្តេចតេជោ ហ៊ុន សែន គឺ ឆ្លុះកញ្ចក់ មុជទឹក ដុសក្អែល ព្យាបាល និងវះកាត់។

ចំណែកនាយឧត្តមសេនីយ៍ ឃុន សំបូរ អគ្គនាយករងអន្តោប្រវេសន៍ បានមានប្រសាសន៍ លើកឡើងដែរថា មន្ត្រីនគរបាលអន្តោប្រវេសន៍ទាំងអស់ ត្រូវតែស្វែងយល់អំពីតួនាទី ភារកិច្ច និងសិទ្ធិរបស់ខ្លួន នៅក្នុងក្របខណ្ឌមន្រ្តីនគរបាលអន្តោប្រវេសន៍ ដែលបានបំពេញបេសកកម្មការងារនៅតាមគោលដៅច្រកទ្វារព្រំដែនអន្តរជាតិ ដូចជា ការត្រួតពិនិត្យលិខិត ឯកសារអ្នកធ្វើដំណើរឆ្លងកាត់ព្រំដែន និងខិតខំធ្វើការស្វែងយល់នូវ ឯកសារច្បាប់ផ្សេងៗទៀត ដែលមានការពាក់ព័ន្ធ ព្រមទាំងមានទំនាក់ទំនងកិច្ចសហការជាមួយស្ថាប័ននានា ដែលបានឈរជើងនៅច្រកទ្វារព្រំដែនអន្តរជាតិ ក៍ដូចជាប្រទេស ដែលមានព្រំដែនជាប់គ្នា ដើម្បីសម្រួលឲ្យមានភាពងាយស្រួ លដល់ប្រជាពលរដ្ឋ និងភ្ញៀវជាតិ+អន្តរជាតិ ឆ្លងកាត់ព្រំដែន និងការធ្វើពាណិជ្ជកម្មទៅវិញទៅមក។

នាយឧត្តមសេនីយ៍ ក៏បានជំរុញដល់កម្លាំងនគរបាលអន្តោប្រវេសន៍ ទាំងអស់ត្រូវយកចិត្តទុកដាក់ ចំពោះការងារត្រួតពិនិត្យមុខ សញ្ញា និងបទល្មើសឆ្លងដែន នានា ព្រមទាំងត្រូវពង្រឹងបន្ថែម លើការងារការពារសណ្ដាប់ធ្លាប់ សន្តិសុខជូនដល់ប្រជាពលរដ្ឋ នៅតាមបណ្ដោយព្រំដែនឲ្យបានតឹងរ៉ឹងបំផុត ជាពិសេសការចូលរួមទប់ស្កាត់ការចម្លងរីករាលដាលនៃជម្ងឺកូវីដ-១៩ ពីក្រៅប្រទេស។

បើតាមប្រកាសរបស់ក្រសួងមហាផ្ទៃ លេខ ២១៧១ ប្រក ចុះថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ លោកវរៈសេនីយ៍ឯក ផាត សុផាន់ណា អត្តលេខ ៦២៣៦៧ ត្រូវបានប្រកាសតែងតាំងជានាយប៉ុស្ត៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន ជំនួសលោកវរៈសេនីយ៍ឯក ផាត់ វីរៈ អត្តលេខ ៦៤១៩៤ ដែលត្រូវទៅកាន់តំណែងថ្មី ជានាយប៉ុស្ត៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិដូង ខេត្តបាត់ដំបង៕

LEAVE A REPLY

Please enter your comment!
Please enter your name here