បាត់ដំបង៖ ពលរដ្ឋរស់នៅតាមបណ្ដោយផ្លូវជាតិលេខ៥ ស្ថិតក្នុងស្រុកសង្កែ ខេត្ដបាត់ដំបង សូមប្រុងប្រយ័ត្នឲ្យបានខ្ពស់ ព្រោះនាល្ងាចថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ នេះមានសត្វពស់ជាច្រើនក្បាលបានវាកាត់ពីតំបន់ខាងលើ ឆ្លងកាត់ផ្លូវ គួឲ្យខ្លាច ។
តាមប្រភពពីពលរដ្ឋម្នាក់ដែលធ្វើដំណើរដោយម៉ូតូ ទិសដៅពីទីរួមខេត្ដបាត់ដំបងឆ្ពោះទៅកាន់ស្រុកមោងឬស្សី បានប្រាប់ឲ្យដឹងថា នាល្ងាចថ្ងៃទី៣១ នេះគាត់បានចេញដំណើរពីទីរួមខេត្ដបាត់ដំបងនៅម៉ោងប្រហែល ៥ៈ៣០នាទ៏ ឆ្ពោះទៅកាន់ផ្ទះរបស់គាត់នៅស្រុកមោងឬស្សីតាមផ្លូវជាតិលេខ៥ ។
លោកបន្តថា” មកដល់ចំនុច ស្រុកសង្កែ ព្រំប្រទល់និងស្រុកមោងឬស្សីនៅម៉ោងប្រហែល៦ៈ១៥នាទី លោកបានប្រទះឃើញមានសត្វពស់ជាច្រើនក្បាលបានវាកាត់ទទឹងផ្លូវ មកពីតំបន់ខាងលើ គួឲ្យខ្លាច ដោយលោកមិនធ្លាប់បានឃើញបែបនេះទេកាលពីកន្លងមក”។
លោកបន្ថែមថា” ដោយសារមេឃងងឹតមើលមិនច្បាស់ថាសត្វពស់ទាំងនោះជាប្រភេទអ្វីខ្លះឡើយ តែពេលលោកជិះកាត់សត្វពស់ខ្លះបានហក់ចូលម៉ូតូ និងមានខ្លះទៀតត្រូវរថយន្ដកិនស្លាប់កណ្ដាលផ្លូវហើយ “។
ជាមួយគ្នានោះ លោកបានអំពាវនាវដល់ពលរដ្ឋរស់នៅតាមបណ្ដោយផ្លូវជាតិលេខ៥ ស្ថិតនៅភូមិសាស្រ្តស្រុកសង្កែ ព្រំប្រទល់និងស្រុកមោងឬស្សី សូមមេត្ដាប្រុងប្រយ័ត្នកូនតូចៗ ជាពិសេសពេលយប់ខ្លាចមានសត្វចង្រៃទាំងនោះវាចូលផ្ទះដោយមិនដឹងខ្លួន៕